លោក ដូណាល់ ត្រាំ ផ្តើមទស្សនកិច្ចនៅអង់គ្លេស

ឡុងដ៍ ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទៅដល់ចក្រភពអង់គ្លេស កាលពីថ្ងៃទី១៦ ខែកញ្ញា សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ លើកទីពីរ ជាប្រវត្តិសាស្ត្រ។

លោក Donald Trump បានទៅដល់ប្រទេសអង់គ្លេស ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ ជាលើកទីពីរ ដែលមិនធ្លាប់មាន ពីមុនមក ហើយ រដ្ឋាភិបាលចក្រភពអង់គ្លេស បានរៀបចំកម្រាលព្រំក្រហម ស្វាគមន៍ រូបលោក។

អមដំណើរជាមួយស្ត្រីទីមួយ Melania Trump
មេដឹកនាំអាមេរិក វ័យ៧៩ឆ្នាំ រូបនេះ បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ទៅដល់ភ្លាមៗថា «អ្វីៗជាច្រើន នៅទីនេះ ធ្វើឱ្យបេះដូងខ្ញុំកក់ក្តៅ…វាជាកន្លែងពិសេសណាស់»។

ស្តេច Charles III ត្រូវធ្វើជាម្ចាស់ផ្ទះ ទទួលលោក Trump នៅវិមាន Windsor Castle សម្រាប់ពិធីជប់លៀងដ៏ថ្លៃថ្លា ជាមួយនឹងការជិះរទេះភ្លើង នៅថ្ងៃពុធ មុនពេលដែលលោក Trump ជួបនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer នៅឯគេហដ្ឋាន ក្នុងថ្ងៃព្រហស្បតិ៍។

ឆ្មាំកិត្តិយសបានស្វាគមន៍លោក Trump នៅពេលដែលពួកលោក បានចុះពីយន្តហោះ Air Force One នៅអាកាសយានដ្ឋាន Stansted ក្បែរទីក្រុងឡុងដ៍។ បន្ទាប់មក លោក Trump បានសម្តែងការកោតសរសើររបស់លោក ចំពោះព្រះមហាក្សត្រអង់គ្លេស។

នៅពេលដែលឧទ្ធម្ភាគចក្រ បានទៅដល់ Winfield House ដែលជាគេហដ្ឋាន របស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក នៅទីក្រុងឡុងដ៍ លោក Trump បាននិយាយថា «គាត់គឺជាមិត្តរបស់ខ្ញុំ អស់រយៈពេលជាយូរមកហើយ ហើយ គ្រប់គ្នាគោរពគាត់ ពួកគេស្រឡាញ់គាត់…ថ្ងៃស្អែក នឹងក្លាយជាថ្ងៃដ៏អស្ចារ្យ»។

លោក Trump គឺជាប្រធានាធិបតីអាមេរិកដំបូងគេ ដែលត្រូវបានអញ្ជើញឱ្យធ្វើទស្សនកិច្ច ផ្លូវរដ្ឋ ចំនួនពីរដង។ លោកធ្លាប់ត្រូវបានម្ចាស់ក្សត្រី Elizabeth II ទទួលដំណើរទស្សនកិច្ចផ្លូវការ ក្នុងអំឡុងពេល ចុងអាណត្តិ ទី១ របស់លោក នៅក្នុងឆ្នាំ២០១៩។ ចក្រភពអង់គ្លេសព្យាយាមរក្សាទំនាក់ទំនងពិសេស ដែលខ្លួនហៅថា បានស្រោចស្រង់ឡើងវិញ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner