កម្ពុជា-វៀតណាម រួមគ្នាជាសំឡេងតែ១ ដាក់ចេញយន្តការវិនិយោគបៃតង

(ភ្នំពេញ)៖ កម្ពុជា-វៀតណាម រួមគ្នាជាសំឡេងតែ១ ដាក់ចេញយន្តការវិនិយោគបៃតង ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ខណៈដែលកម្ពុជាបានរៀបចំផែនការជាតិ រួមចំណែកឆ្លើយតបការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ NDC 3.0 ។ នេះជាការថ្លែងឡើងរបស់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងជំនួប ពិភាក្សាការងារជាមួយ ឯកឧត្តម NGUYEN MINH VU ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ដែលធ្វើឡើងក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និង វៀតណាមលើវិស័យបរិស្ថាន និងសេដ្ឋកិច្ច ជាពិសេសលើកិច្ចការការពារធនធានធម្មជាតិ និងការគាំទ្រគម្រោងវិនិយោគ នាថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានស្វាគមន៍យ៉ាងកក់ក្តៅ និងគាំទ្រចំពោះគម្រោងវិនិយោគនានា ដែលលើកកម្ពស់ដល់វិស័យបរិស្ថាននៃប្រទេសទាំង២។ ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្តួចផ្តើមឱ្យមានការរួបរួមគ្នាជាសំឡេងតែ ១ក្នុងចំណោមប្រទេសអាស៊ាន ដើម្បីកៀរគរហិរញ្ញប្បទានបៃតងយកមកប្រើប្រាស់ ប្រយុទ្ធប្រឆាំងនិងមីក្រូ និងណាណូប្លាស្ទិក ដែលបានបង្កផលប៉ះពាល់ដល់សុខភាពសត្វ និងមនុស្ស តាមរយៈចំណីអាហារ ឬទឹក ដោយការហូប លេប និងស្រូប ដែលពួកវាមាននៅលើដី ក្នុងទឹក និងខ្យល់ ។

ស្របនឹងការថ្លែងឡើងនេះ ឯកឧត្តម NGUYEN MINH VU បានកោតសរសើចំពោះក្រសួងបរិស្ថាន និងមានជំនឿយ៉ាងមុតមាំ ថាក្រសួងបរិស្ថាននឹងទទួលបានជោគជ័យក្នុងការវិនិយោគបៃតង។ ជាមួយគ្នានេះ វៀតណាមនឹងរួមចំណែកជាមួយក្រសួងបរិស្ថាន តាមរយៈកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ដើម្បីដោះស្រាយបញ្ហារួមគ្នាជាពិសេសការការពារធនធានទឹកទន្លេមេគង្គ។ ចំពោះការវិនិយោគវិញ ឯកឧត្តមក៏បានលើកឡើងពីគម្រោងរបស់ក្រុមហ៊ុនដែលកំពុងស្វែងរកការអនុញ្ញាត ដើម្បីវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ លើគម្រោងកសិដ្ឋានចិញ្ចឹមគោ និងដាំស្មៅយក្សដើម្បីផលិតទឹកដោះគោ ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគាំទ្រ និងលើកទឹកចិត្តសម្រាប់ការវិនិយោគលើការដាំស្មៅយក្ស (Giant King Grass) និងចិញ្ចឹមគោបង្កាត់ពូជយកទឹកដោះ ដោយក្រសួងនឹងផ្តល់ទីតាំងក្នុងការវិនិយោគក្នុងគោលបំណង ជួយឱ្យប្រជាសហគមន៍ ដែលមានមូលដ្ឋានក្បែរតំបន់នោះ ទទួលបានបច្ចេកទេសចិញ្ចឹមគោ ពូជគោយកទឹកដោះគោស្រស់ និងការដាំស្មៅ Giant King Grass ដែលអាចធ្វើជាចំណីសត្វគោ និងជាជីវអុស។ ជាមួយគ្នានេះក្រុមហ៊ុននឹងទទួលបានប្រាក់ចំណូលពីការលក់ទឹកដោះគោស្រស់ ចំណែកប្រជាសហគមន៍ក៏ទទួលបានប្រាក់ចំណូលពីការលក់ទឹកដោះគោទៅឱ្យក្រុមហ៊ុនដែរ ហើយក៏មានផលិតផលរបស់ខ្មែរចេញពីប្រជាសហគមន៍ សម្រាប់ផ្គត់ផ្គង់លើទីផ្សារក្នុង និងក្រៅស្រុក។ ដែលនេះជាការអនុវត្តយ៉ាងយកចិត្តទុកដាក់ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានឆ្ពោះទៅកាន់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner