កម្ពុជា-សហភាពអឺរ៉ុបរួមគ្នាលើកកម្ពស់កម្លាំងពលកម្មជំនាញផ្នែកកសិ-ចំណីអាហារ

(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម អ៊ីហ្គូ ទ្រីសម៉ាន់ (Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានអញ្ជើញចូលរួមជាសហអធិបតីក្នុងសិក្ខាសាលាស្តីពី “ការអភិវឌ្ឍន៍ជំនាញជាក់ស្តែង និងការត្រៀមខ្លួនសម្រាប់កម្លាំងពលកម្មជំនាញ ឆ្នាំ២០២៥” នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅសណ្ឋាគារហ្វ៊ែរហ្វៀល បាយ ម៉ារៀតក្នុងរាជធានីភ្នំពេញ ។ 

សិក្ខាសាលាកម្រិតតំបន់អាស៊ានដែលមានរយៈពេល២ថ្ងៃពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែកញ្ញា នេះ មានគោលបំណងបន្ស៊ីប្រព័ន្ធបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)ឱ្យសមស្របទៅនឹងតម្រូវការទីផ្សារការងារដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើន និងការបង្កើតការងារនៅទូទាំងតំបន់អាស៊ានជាពិសេសវិស័យកសិ-ចំណីអាហារ។

ឯកឧត្ដមរដ្ឋមន្ត្រី ហេង សួរ បានបញ្ជាក់ពីភាពចាំបាច់ និងសារៈសំខាន់នៃការបណ្តុះបណ្តាលជំនាញដែលផ្សារភ្ជាប់ការអភិវឌ្ឍទៅនឹងតម្រូវការទីផ្សារការងារ ជាពិសេសវិស័យកសិ-ចំណីអាហារក្នុងបរិបទនៃការប្រែប្រួលយ៉ាងលឿនរហ័សនៃបច្ចេកវិទ្យាឌីជីថល និងបរិស្ថាន។

ឯកឧត្តមរដ្ឋមន្ត្រី បានអះអាងថា សិក្ខាសាលាកម្រិតតំបន់នាពេលនេះ ជាសក្ខីភាពឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញកិច្ចសហការ និងកសាងភាពជាដៃគូឱ្យកាន់តែរឹងមាំក្នុងការពង្រឹងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅក្នុងតំបន់អាស៊ាន និងដើម្បីធានាថាការបណ្តុះបណ្តាលមានភាពសមស្រប និងស៊ីគ្នារវាងជំនាញ តម្រូវការការងារជាក់ស្តែង និងការវិវត្តនៃទីផ្សារការងារ ។

ឯកឧត្តម អ៊ីហ្គូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានបញ្ជាក់ថា៖ “អឺរ៉ុបបានផ្តល់នូវវិធានការគាំទ្រជាច្រើនសម្រាប់ការបង្កើតការងារនៅក្នុងតំបន់អាស៊ាន ហើយការអភិវឌ្ឍកម្លាំងពលកម្មជំនាញក្នុងវិស័យកសិ-ចំណីអាហារ គឺជាវិធានការមួយក្នុងចំណោមវិធានផ្សេងៗទៀត។ វិស័យកសិ-ចំណីអាហារអាស៊ានមានសក្ដានុពលយ៉ាងច្រើន ហើយសហភាពអឺរ៉ុប នឹងបន្តផ្ដល់ការគាំទ្រដល់កសិករ អ្នកផលិត និងអ្នកនាំចេញ នៅពេលដែលពួកគាត់ត្រូវការការគាំទ្រពីអ្នកជំនាញអឺរ៉ុប និងការចូលទៅកាន់ទីផ្សារអឺរ៉ុប”។សហភាពអឺរ៉ុបមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកស្ទួយកម្លាំងពលកម្មជំនាញប្រកបដោយភាពធន់ ក្នុងភាពជាដៃគូជាមួយអាស៊ាន។

គួរបញ្ជាក់ថា សិក្ខាសាលាកម្រិតតំបន់ដែលកម្ពុជា និងសហភាពអឺរ៉ុបបើកនាពេលនេះ មានការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធថ្នាក់តំបន់ជាង ៥០រូប រួមទាំងតំណាងមកស្ថាប័នរាជរដ្ឋាភិបាល គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) តំណាងនៃវិស័យឯកជន និងអង្គការអន្តរជាតិមកពីគ្រប់បណ្ដារដ្ឋសមាជិកអាស៊ានទាំងដប់ រួមទាំងប្រទេសទីម័រឡេស្តេផងដែរ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner