ចិនចាត់ទុកប្រព័ន្ធផ្សព្វផ្សាយជាតួអង្គសំខាន់លើកកម្ពស់គម្រោងខ្សែក្រវ៉ាត់ និងផ្លូវ
គុនមីង ៖ វេទិកាសហប្រតិបត្តិការណ៍ប្រព័ន្ធផ្សព្វផ្សាយឆ្នាំ២០២៥ «ខ្សែក្រវ៉ាត់ និង ផ្លូវ» ចាប់ផ្ដើមឡើងពីថ្ងៃទី១៦-១៩ ខែកញ្ញានេះ នៅទីក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន។
កិច្ចប្រជុំនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធផ្សព្វផ្សាយចិន និងប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ដើម្បីលើកកម្ពស់ការយល់ដឹងពីគម្រោងខ្សែក្រវ៉ាត់ និង ផ្លូវ។
វេទិកានេះត្រូវបានរៀបចំដោយសារព័ត៌មានចិន People’s Daily ដោយមានអ្នកចូលរួមប្រមាណ៥០០នាក់ បរទេស២០០នាក់ មកពី៨៧ប្រទេស។
សារព័ត៌មាន AMS ក៏ស្ថិតនៅក្នុងចំណោមអ្នកចូលរួមបរទេស២០០នាក់ ដែលបានចូលរួមកិច្ចកិច្ចប្រជុំដ៏ធំប្រចាំឆ្នាំរបស់ប្រទេសចិន។ វេទិកានេះ ក៏មានការចូលរួមពីអ្នកនយោបាយ អ្នកជំនាញ និងសហគ្រិនល្បីៗផងដែរ។
ថ្លែងនៅក្នុងកិច្ចប្រជុំ លោក Wang Yube ដែលជាអនុលេខាគណៈកម្មាធិការខេត្តយូណាន បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់គម្រោងខ្សែក្រវ៉ាត់ មួយផ្លូវមួយ ដែលគម្រោងនេះ បានផ្ដល់ប្រយោជន៍យ៉ាងធំធេងសម្រាប់ប្រទេសក្នុងតំបន់។
លោក Wang Yube បានអះអាងដូច្នេះ៖ «ខ្ញុំសង្ឃឹមថាដៃគូប្រព័ន្ធផ្សព្វផ្សាយនឹងគាំទ្រ និងបន្តផ្សព្វផ្សាយអំពីគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ និងសកល ដើម្បីជំរុញការយល់ដឹង និងផ្សព្វផ្សាយពីវប្បធម៌រវាងប្រទេសនិងប្រទេស»។
គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន ត្រូវបានដំណើរការរយៈពេល១១ឆ្នាំមកហើយ ក្នុងការកសាងផ្លូវ កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើននៅជុំវិញពិភពលោក។
និពន្ធនាយកសារព័ត៌មានចិន people’s Daily លោក Chen Jian wen ថ្លែងថា គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និង ផ្លូវក្នុងរយៈពេល ១១ឆ្នាំមកនេះ បានក្លាយជាវេទិកាសាជីវកម្មអន្តរជាតិដ៏ធំបំផុត និងមានឥទ្ធិពលនៅលើពិភពលោក។ គម្រោងជាច្រើន បានទាក់ទាញវិនិយោគគិន និងជួយជីវភាពរបស់ប្រជាជននៅក្នុងតំបន់ថែមទៀត។
ទន្ទឹមនឹងនេះ លោក Jian Wen មើលឃើញថាប្រព័ន្ធផ្សព្វផ្សាយជាសំឡេងដ៏សំខាន់ ដែលបានផ្តល់ដំណឹងដល់ប្រជាជន អ្នករៀបចំ វិនិយោគគិន និងអ្នកអនុវត្តគោលនយោបាយឲ្យបានជ្រាបច្បាស់ពីព័ត៌មាន ពាក់ព័ន្ធការអនុវត្តគំនិតផ្តួចផ្តើមរបស់ចិននេះ។
សូមបញ្ជាក់ថា សារព័ត៌មានចិន People’s Daily បានរៀបចំវេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយផ្តោតលើគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ ។ វេទិកានេះ ក៏បានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកស្ទួយ និងផ្សព្វផ្សាយពីគំនិតផ្តួចផ្តើមរបស់ប្រទេសចិននេះឲ្យកាន់តែទូលំទូលាយ៕
អត្ថបទ ៖ ឈឹម ទីណា
រូបភាព និង ប្រភពនៅប្រទេសចិន



