ទ័ព ១០ម៉ឺននាក់ ចូលរួមធ្វើសមយុទ្ធបេឡារុស-រុស្ស៊ី
មូស្គូ ៖ លោក ពូទីន បានអះអាងថា ទាហាន១០ម៉ឺននាក់ បានចូលរួម នៅក្នុងសមយុទ្ធ បេឡារុស-រុស្ស៊ី។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃទី១៦ ខែកញ្ញា បាននិយាយថា ទាហាន ១០ម៉ឺននាក់ បានចូលរួម ក្នុងសមយុទ្ធរួម «Zapad« ឬ «ខាងលិច» ជាមួយប្រទេសបេឡារុស ក្នុងអំឡុងដំណើរទស្សនកិច្ច ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ទៅទស្សនាសមយុទ្ធ ដែលបានធ្វើឡើង នៅជិតព្រំដែន របស់ប្រទេសអង្គការណាតូ។
លោក ពូទីន ដែលពាក់ឯកសណ្ឋានយោធា បាននិយាយថា «ថ្ងៃនេះ យើងកំពុងធ្វើ ផ្នែកចុងក្រោយ នៃលំហាត់យុទ្ធសាស្ត្រ Zapad 2025» ដោយបានបន្ថែមថា «ទាហាន ១០ម៉ឺននាក់ កំពុងចូលរួម»។
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានរាយការណ៍ ដោយដកស្រង់ប្រភព ពីវិមានក្រឹមឡាំង ឲ្យដឹងថា ទាហានមកពីប្រទេសឥណ្ឌា អ៊ីរ៉ង់ បង់ក្លាដែស ក៏ដូចជា ប្រទេស ប៊ូគីណាហ្វាសូ កុងហ្គោ និង ម៉ាលី បានចូលរួមក្នុងសមយុទ្ធនេះដែរ ដែលរហូតមកដល់ពេលនេះ គេនៅតែផ្សព្វផ្សាយថា ជាសមយុទ្ធរួមរុស្ស៊ី-បេឡារុស។
សមយុទ្ធ Zapad បានដាក់ឲ្យសមាជិកភាគខាងកើត របស់ ណាតូ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីការទម្លាក់យន្តហោះគ្មានមនុស្សបើក របស់រុស្ស៊ី នៅក្នុងប្រទេសប៉ូឡូញ កាលពីសប្តាហ៍មុន ដែលបានជំរុញឱ្យ ប៉ូឡូញ បិទព្រំដែន ជាមួយបេឡារុស។
លោក ពូទីន បានបន្ថែមថា សមយុទ្ធនេះមានគោលបំណងអនុវត្ត “ការទប់ទល់នឹងការឈ្លានពានដែលមានសក្តានុពលប្រឆាំងនឹងរដ្ឋសហភាព” ដោយសំដៅទៅលើអង្គភាពសម្ព័ន្ធមិត្តរបស់រុស្ស៊ី និងបេឡារុស។
យោងតាមនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk សមយុទ្ធនេះត្រូវបានរៀបចំឡើងដើម្បីក្លែងធ្វើការកាន់កាប់ច្រករបៀង Suwalki ដែលជាតំបន់យុទ្ធសាស្ត្រ នៅក្នុងប្រទេសប៉ូឡូញ។ លោក បាននិយាយថា ខ្លួននឹងដាក់ពង្រាយទាហានប្រហែល ៤ម៉ឺន នាក់នៅជិតព្រំដែនបេឡារុស សម្រាប់រយៈពេល នៃសមយុទ្ធ។
ប្រទេសរុស្ស៊ី បាននិយាយថា ខ្លួនបានអនុវត្តការបាញ់បង្ហោះកាំជ្រួចកងទ័ពជើងទឹកល្បឿនលឿន Zirkon ចុងក្រោយបំផុតរបស់ខ្លួន ចេញពីនាវាចម្បាំង នៅសមុទ្រ Barents កាលពីថ្ងៃអាទិត្យ។ យោងតាមកងទ័ពបេឡារុស បានឱ្យដឹងថា ផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ក៏មាន អំឡុងពេលសមយុទ្ធ Zapad ដែរ ។
គួររម្លឹកថា កងទ័ពប្រហែល ២០ម៉ឺននាក់បានចូលរួម ក្នុងសមយុទ្ធ Zapad ឆ្នាំ២០២១ ដែលធ្វើឡើងប៉ុន្មានខែ មុនពេលដែលទីក្រុងម៉ូស្គូ បានបញ្ជូនកងកម្លាំងចូល ទៅក្នុងប្រទេសអ៊ុយក្រែន៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
