អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសចំពោះអំពើហិង្សារបស់សមត្ថកិច្ចថៃ មកលើពលរដ្ឋ និងព្រះសង្ឃខ្មែរ នៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ
(ភ្នំពេញ)៖ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នករាជរដ្ឋាភិបាលកម្ពុជា នៅព្រលប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានប្រកាសថ្កោលទោសចំពោះអំពើហិង្សារបស់សមត្ថកិច្ចថៃ មកលើពលរដ្ឋ និងព្រះសង្ឃខ្មែរ នៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ ។
ឯកឧត្តម ប៉ែន បូណា បានជម្រាបជូនពីសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនសាធារណៈជនជាតិ និងអន្តរជាតិ ជ្រាបថា នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ចាប់ពេលវេលាម៉ោង ៣ និង ៤៤នាទីរសៀល កងទ័ពថៃប្រដាប់ដោយអាវុធ និងសមត្ថកិច្ចនគរបាលបង្ក្រាបបាតុកម្មថៃ ដែលប្រដាប់ដោយដំបង និងខែល រួមនិងឧបករណ៍ផ្សេងៗទៀត បានចូលមករាយបន្លាលួសសារជាថ្មីទៀត នៅក្នុងភូមិសាស្ត្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីព័ទ្ធយកដីដែលប្រជាពលរដ្ឋខ្មែរ បានរស់នៅ និងអាស្រ័យផលជាយូរមកហើយ។ ប៉ុន្តែប្រជាពលរដ្ឋ ដែលនៅទីនោះ បានចេញមករារាំង ដើម្បីការពារដីរបស់ខ្លួន និងបានរើបន្លាលួសទាំងនោះចេញវិញ ។ សមត្ថកិច្ចថៃ បានបាញ់កាំភ្លើងគ្រាប់ជ័រ និងគ្រាប់បែកផ្សែង មកលើប្រជាពលរដ្ឋខ្មែរ ដែលធ្វើឲ្យពួកគេហ៊ាទឹកភ្នែក និងបានប្រើប្រាស់ឧបករណ៍សំឡេង ដែលធ្វើឲ្យប៉ះពាល់ទៅដល់កណ្ដាសត្រចៀក និងប្រព័ន្ធខួរក្បាល ព្រមទាំងបានបង្ករអំពើហិង្សាទៅលើប្រជាពលរដ្ឋខ្មែរដោយប្រើប្រាស់ឧបករណ៍បង្ក្រាប និងបាញ់ជំពាមកៅស៊ូគ្រាប់ឃ្លី ដែលបណ្ដាលឲ្យប្រជាពលរដ្ឋ និងព្រះសង្ឃចំនួនយ៉ាងតិច ២៤អង្គនាក់ ដួលសន្លប់ និងរករបួសធ្ងន់ និងស្រាល។
កងកម្លាំង និងអាជ្ញាធរសមត្ថកិច្ចចម្រុះររបស់កម្ពុជា ដែលមិនប្រដាប់ដោយអាវុធ ហើយដែលកំពុងឈរជើងប្រចាំនៅតំបន់នោះ ក៏មានវត្តមាននៅក្នុងហេតុការណ៍នោះផងដែរ ដើម្បីការពារសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ ដោយបានបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងទទួលខុសត្រូវខ្ពស់ក្នុងការប្រកាន់ខ្ជាប់ខ្ជួនបំផុតនូវកិច្ចព្រមព្រៀងឈប់បាញ់ ព្រមទាំងគោរពគោលការណ៍ដែលបានឯកភាពគ្នាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងត្រឹមត្រូវស្របតាមច្បាប់អន្តរជាតិ ។
សមត្ថកិច្ច និងអាជ្ញាធរខេត្តបន្ទាយមានជ័យ បានជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ និងព្រះសង្ឃ ដែលបានរងរបួស និងបានបញ្ជូនរថយន្តសង្គ្រោះបន្ទាន់ ដើម្បីដឹកអ្នករករបួសធ្ងន់ទៅកាន់មន្ទីរពេទ្យ ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមថ្កោលទោសចំពោះអំពើហិង្សារបស់សមត្ថកិច្ចថៃមកលើប្រជាពលរដ្ឋនិងព្រះសង្ឃខ្មែរ ព្រមទាំងអំពាវនាវឲ្យអាជ្ញាធរថៃ បញ្ឈប់ទង្វើរំលោភបំពាន និងអំពើហិង្សាទាំងអស់នេះជាបន្ទាន់ និងទាមទារឲ្យភាគីថៃ គោរពកិច្ចព្រមព្រៀងឈប់បាញ់ គោរពស្មារតី នៃកិច្ចប្រជុំ GBC និង RBC អនុស្សារណៈនៃការយោគយល់ត្រង់ចំណុច ២ មាត្រា ៤ នៃ MOU ឆ្នាំ 2000 និងគោលការណ៍សិទ្ធិមនុស្ស និងច្បាប់អន្តរជាតិជាធរមាន។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់សារជាថ្មីម្ដងទៀតថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាន់គោលជំហរច្បាស់លាស់ ក្នុងការគោរពកិច្ចព្រមព្រៀងឈប់បាញ់ និងដោះស្រាយបញ្ហាដោយសន្តិវិធី ឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងទ្វេភាគី ដែលមានជាធរមាន ព្រមទាំងអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ និងសូមអំពាវនាវដោយទទូចឲ្យភាគីថៃ គោរពគោលការណ៍ទាំងអស់នេះដូចគ្នាដែរ ដើម្បីរក្សាបទឈប់បាញ់ និងកាត់បន្ថយភាពតានតឹងក្នុងការប្រឈមមុខដាក់គ្នា ដើម្បីបញ្ជៀសការប៉ះទង្គិចដែលនាំដល់ការផ្ទុះអាវុធសារជាថ្មី ។
ក្រុមការងារអ្នកនាំពាក្យ នឹងបន្តជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាសហគមន៍អន្តរជាតិ ជ្រាបអំពីការវិវត្តនៃស្ថានការណ៍ជាបន្តបន្ទាប់។ សូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន ៕
ដោយ ៖ វណ្ណលុក
