ប្រធានាធិបតីបារាំងគ្រោងនឹងធ្វើទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខ

ឯកឧត្តម អេម៉ាណូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង គ្រោងនឹងធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកកម្ពុជានៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម អូលីវែរ រីឆាត (Olivier RICHARD) ឯកអគ្គរដ្ឋទូតវិសាមញ្ញ នឹងពេញសមត្ថភាព​នៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។

ឯកឧត្តម RICHARD បានជម្រាបសម្តេចតេជោ ពីការត្រៀមខ្លួ​នរបស់ឯកឧត្តម ក្នុងការរៀបចំនៃដំណើរទស្សន​កិច្ចរបស់​ប្រធានា​ធិបតីបារាំង លោក ម៉ាក្រុង មកកម្ពុជា នៅក្នុងឆ្នាំ២0២៦ខាងមុខ ហើយឯកឧត្តមឯកអគ្គរដ្ឋទូតសង្ឃឹមថា វត្តមានរបស់លោកប្រធានា​ធិបតីបារាំង នៅកម្ពុជានាពេលខាងមុខនេះ នឹងញ៉ាំងឱ្យទំនាក់​ទំនងកម្ពុជា-បារាំង កាន់តែរីកចម្រើន។ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីពេញចិត្ត ហើយក៏ត្រៀមដើម្បីទទួលនូវវត្តមានរបស់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង មកកាន់ព្រះរាជាណាចក្រកម្ពុជា។ សម្តេចក៏បានលើកឡើងអំពីទំនាក់ទំនង រវាងកម្ពុជា និងបារាំង ដោយសម្តេចបានបង្ហាញនូវការពេញចិត្ត ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ មានការរីកចម្រើន នឹងការវិវត្តជាបន្តបន្ទាប់។

នៅក្នុងឱកាសនោះ សម្តេចតេជោ ក៏បានរំលេចអំពីការដឹងគុណរបស់កម្ពុជា ចំពោះការជួយជ្រោមជ្រែងរបស់បារាំង នាពេលកន្លងមក ក្នុងការអភិវឌ្ឍនៅកម្ពុជា ជាពិសេសការជួយដល់វិស័យកៅស៊ូដំបូងគេ ការជួយដល់វិស័យទឹកស្អាតជាដើម ព្រមទាំងការបណ្តុះបណ្តាលនៅធនធានមនុស្សកម្ពុជាផងដែរ។ បន្ថែមលើនេះ សម្តេចតេជោ ក៏បានរំលេចឱ្យភាគីទាំងពីរ បារាំង និងកម្ពុជា ត្រូវធ្វើការងារបន្ថែមទៀតក្នុងការពង្រីកសេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយគ្នា ឱ្យកាន់តែរីកចម្រើនជាងពេលបច្ចុប្បន្ន ដោយសម្តេចចង់ឃើញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការកើនឡើង៕
ដោយ៖ពលជ័យ

ads banner