ខេត្តសៀមរាបប្រារព្ធសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ស្ដីពីទេសចរណ៍ឌីជីថល
សៀមរាប៖សិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ស្ដីពីទេសចរណ៍ឌីជីថល ត្រូវបានប្រារព្ធឡើងនៅក្រុងទេសចរណ៍វប្បធម៌ដ៏ធំនៃប្រទេសកម្ពុជាកាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នាសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាបក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ។
សិក្ខាសាលាដ៏មានខ្លឹមសារពេញមួយថ្ងៃនេះ មានការអញ្ជើញចូលរួមពីមន្រ្តីក្រសួងទេសចរណ៍ , អាជ្ញាធរជាតិអប្សរា, គ្រឹះស្ថានអង្គរ, មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត,ក្រុង/ស្រុកចំណុះរដ្ឋបាលខេត្ត, សមាគមទេសចរណ៍, សហគមន៍ទេសចរណ៍និងប្រតិបត្តិករទេសចរជាង៣០០នាក់។

ក្នុងសិក្ខាសាលាមានវាគ្មិនមកពីក្រសួងទេសចរណ៍ និងផ្នែកឯកជនបានចែករំលែកនូវសារៈសំខាន់ៗ និងបទពិសោធន៍ល្អៗដែលឆ្លុះបញ្ចាំងអំពីភាពប្រទាក់ក្រឡាគ្នា រវាងផែនការអភិវឌ្ឍន៍ទេសចរណ៍ឌីជីថលរបស់ក្រសួងទេសចរណ៍ និង កិច្ចសហការអភិវឌ្ឍទេសចរណ៍ឌីជីថលជាមួយវិស័យឯកជន។សិក្ខាសាលានេះដែរ ក៏ដើម្បីប្រមូលធាតុចូលទៅក្នុងផែនការអភិវឌ្ឍន៍ទេសចរណ៍ឌីជីថល ដែលនឹងផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនក្នុងការជំរុញកំណើនទេសចរណ៍នៅកម្ពុជា។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងថា ការចាប់យកការប្រើប្រាស់បច្ចេកវិទ្យា និងការធ្វើបរិវត្តកម្មឌីជីថលតែងតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលចាប់តាំងពីការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ នៅក្នុងនីតិកាលទី៦ នៃរដ្ឋសភារាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យអនុវត្តនូវឯកសារសំខាន់ៗចំនួន២ ដែលបានបង្ហាញពីឆន្ទៈមុតមាំចក្ខុវិស័យវែងឆ្ងាយ ច្បាស់លាស់ ប្រកបដោយភាពបុរេសកម្ម សកម្ម និងអន្តរសកម្មរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍវិស័យឌីជីថលកម្ពុជាគឺ ទី១. «ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» និង ទី២. «គោលនយបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥» ដែលជាឯកសារគោល និងជាត្រីវិស័យក្នុងការរៀបចំការងារបរិវត្តកម្មឌីជីថលរបស់កម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបន្តថាមកដល់នីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវ ស្វាហាប់ប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ពោរពេញដោយថាមពល និងភាពប្រាកដនិយម របស់ សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលបានដាក់ចេញនូវ «យុទ្ធសាស្ត្រស្ដីពីការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ២០២៥-២០២៨» ដែលជាយុទ្ធសាស្ត្រ នៃការកែទម្រង់ស៊ីជម្រៅលើការផ្ដល់សេវាសាធារណៈសម្រាប់ធុរកិច្ចអនុលោមតាមអភិក្រម « ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដែលផ្តោតលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលមានស្តង់ដារួម និង មានអន្តរប្រតិបត្តិការជាមួយគ្នាក្នុង«ប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច» តែមួយ។

ឯកឧត្តមរដ្ឋមន្រ្តីបន្តថា បច្ចេកវិទ្យាឌីជីថល គឺជាកម្លាំងចលករថ្មីមួយសម្រាប់កំណើនសេដ្ឋកិច្ចសកល ហើយនឹងក្លាយជាកាតាលីករជំរុញឱ្យមានការផ្លាស់ប្ដូរដល់វិស័យទេសចរណ៍ ដោយធ្វើឱ្យដំណើរកម្សាន្តរបស់ភ្ញៀវទេសចរកាន់តែមានភាពរលូន និងការទទួលបានការបដិសណ្ឋារកិច្ចកាន់តែពេញចិត្ត និងបំភ្លេចមិនបាន ពាក់ព័ន្ធនឹងកិច្ចការងារដ៏មានសារៈសំខាន់នេះ។

ឯកឧត្តមក៏បានអំពាវនាវឱ្យមានការចូលរួមជាមួយក្រសួងទេសចរណ៍នូវយុទ្ធនាការក្រោមទិសស្លោករបស់សម្តេចតេជោ ហ៊ុន សែន គឺ ទេសចរណ៍ដើម្បីទាំងអស់គ្នាទាំងអស់គ្នាដើម្បីទេសចរណ៍។ទិសស្លោករបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺទេសចរណ៍រីកលូតសាល់ក្នុងសន្តិភាព។ ទិសស្លោករបស់មហាគ្រួសារវិស័យទេសចរណ៍៖ បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់ និងសូមចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង(ពីខែឧសភា ដល់ ខែតុលា)៕
ដោយ៖ ប៊ុន រដ្ឋា
