រដ្ឋបាលខេត្តសៀមរាបរៀបចំផ្សារទឹក និងជិះទូកកម្សាន្តជំនួសព្រះរាជពិធីបុណ្យអុំទូក
សៀមរាប៖អាជ្ញាធរខេត្តសៀមរាបបានបញ្ជាក់ថាក្នុងឆ្នាំ២០២៥នេះ ខេត្តមិនបានរៀបចំព្រះរាជពិធីបុណ្យអុំទូកដូចឆ្នាំមុនទេ ប៉ុន្តែមានរៀបចំកម្មវិធីផ្សារទឹក និងជិះទូកកម្សាន្តតាមបណ្តោយស្ទឹងប្រវត្តិសាស្ត្រ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ កម្មវិធីនេះរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប។

ព្រឹត្តិការណ៍ដែលនឹងរៀបចំឡើងនេះត្រូវបានបញ្ជាក់ឱ្យដឹងកាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ដោយឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកអនាម័យ និងក្រុមការងារផ្សេងៗ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ។

ដោយមានវត្តមានឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ,ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបបានបញ្ជាក់អំពីមូលហេតុនៃការពុំបានរៀបចំពីធីបុណ្យអុំទូកដូចឆ្នាំមុនៗ ដោយសារឆ្នាំមានកិច្ចការជាច្រើនដែលធ្វើក្នុងនោះគឺទាក់ទងនឹងបញ្ហាព្រំដែនកម្ពុជា ថៃ ខណៈខេត្តសៀមរាប ក៏មានជនភៀសសឹកមកស្នាក់នៅទៀតផង។

ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្តក៏បានសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកអនាម័យសាលាខេត្ត ក្នុងរយៈពេលមួយឆ្នាំកន្លងមក ដែលបាននាំមកនូវលទ្ធផលគួរឱ្យមោទនភាព។ ជាពិសេស ក្នុងស្ថានភាពព្រំដែនមានការឈ្លានពានពីទាហានថៃ មន្ត្រីជាប់ពាក់ព័ន្ធបានសហការគ្នាយ៉ាងរួមចិត្ត ដើម្បីគ្រប់គ្រងជំនួយ និងផ្គត់ផ្គង់ឧបត្ថម្ភដល់ប្រជាពលរដ្ឋភៀសសឹក និងគ្រួសារកងទ័ព ព្រមទាំងគាំទ្រទៅកាន់កងទ័ពនៅសមរភូមិមុខ។

ក្នុងឱកាសនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានប្រគល់ថវិកាឧបត្ថម្ភជានិមិត្តរូបដល់បណ្តាទីចាត់ការអង្គភាពទាំង៦ និងតំណាងមន្ត្រីជាប់កិច្ចសន្យា ព្រមទាំងបុគ្គលិកអនាម័យសាលាខេត្ត ដើម្បីចូលរួមអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌនេះ៕
ដោយ៖ប៊ុនរដ្ឋា

