ឯកអគ្គរដ្ឋទូតបារាំងថ្មី ថា ឯកឧត្តម បានចុះទៅពិនិត្យដោយផ្ទាល់នៅតំបន់ព្រំដែន និងបានបន្តតាមដាន ហើយរាយការណ៍ពីស្ថានភាពនេះជូនថ្នាក់ដឹកនាំបារាំង ជាប្រចាំ

(ភ្នំពេញ)៖ ថ្លែងចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងឱកាសចូលសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម Olivier RICHARD ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា បានបញ្ជាក់ថា ឯកឧត្តម បានចុះទៅពិនិត្យដោយផ្ទាល់នៅតំបន់ព្រំដែន និងបានបន្តតាមដាន ហើយរាយការណ៍ពីស្ថានភាពនេះជូនថ្នាក់ដឹកនាំបារាំង ជាប្រចាំ ។ នេះបើតាម លទ្ធផលនៃជំនួបរវាងសម្ដេចធិបតី និងទូតបារាំងថ្មីប្រចាំកម្ពុជា ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា បារាំង និងកម្ពុជា គឺជាដៃគូដ៏យូរអង្វែង ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ និង ប្រកបដោយភាពរឹងមាំ ។

ឯកឧត្តមបានបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នកម្ពុជា ដើម្បីបន្តជំរុញ និងលើកកម្ពស់ទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការ ទ្វេភាគី ឱ្យកាន់តែខ្លាំងក្លា, រីកចម្រើន និង រឹងមាំថែមទៀត។

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះឯកឧត្តម Olivier RICHARD ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំកម្ពុជា។

សម្ដេចបវរធិបតីបានបង្ហាញជំនឿជឿជាក់ថា បេសកកម្មការទូតរបស់ឯកឧត្តមនឹងក្លាយជាកម្លាំងចលករបន្ថែមទៀតក្នុងការរឹតចំណង និងពង្រឹងទំនាក់ទំនង និងមិត្តភាព ព្រមទាំង កិច្ចសហប្រតិបត្តិការទ្វេភាគី ទាំងក្នុងក្របខណ្ឌនៃទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល, ប្រជាជន និងប្រជាជន រួមទាំងវិស័យឯកជន និង វិស័យ ឯកជន ។ វឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-បារាំង ជាកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលជាច្រើន និងបានបើកឱកាសបន្ថែមជាច្រើនទៀត សម្រាប់ប្រទេសទាំងពីរ។

សម្ដេចបវរធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សា និងឯកភាពគ្នាបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសំខាន់ៗរួមមានជាអាទិ៍៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងវិនិយោគ, អប់រំ, សុខាភិបាល, ថាមពល, វប្បធម៌ និងបរិស្ថាន ។

ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ, សម្ដេចបវរធិបតីបានថ្លែងអំណរគុណ ដល់ប្រធានាធិបតីបារាំង ឯកឧត្តម Emmanuel Macron ដែលបានគាំទ្រ ដល់បទឈប់បាញ់កន្លងមក និងបាន​ជម្រាប​ជូន​ឯកឧត្តម​អគ្គរដ្ឋទូត​អំពីបច្ចុប្បន្នភាព​ស្តីពីការវិវឌ្ឍ​នៃស្ថាន​ភាព​ព្រំដែន​កម្ពុជា-ថៃ​ ព្រមទាំង​បានគូសបញ្ជាក់ពីជំហរ របស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយភាគីថៃ ដោយសន្តិវិធី ដោយផ្អែកលើ​កិច្ច​ព្រមព្រៀង​ទ្វេ​ភាគី​ អនុ​សញ្ញា​ សទ្ធិសញ្ញា​ ដែលមានស្រាប់​ និង​ច្បាប់​អន្តរជាតិ​។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្ដេចបវរធិបតីថា ឯកឧត្តម បានចុះទៅពិនិត្យដោយផ្ទាល់នៅតំបន់ព្រំដែន និងបានបន្តតាមដាន និងរាយការណ៍អំពីស្ថានភាពនេះ ជូនថ្នាក់ដឹកនាំបារាំង ជាប្រចាំ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner