មន្ត្រីក្រសួងការពារជាតិ៖ ការសិក្សារៀនសូត្រ គឺរៀនមិនចេះចប់នោះទេ ពិសេសនៅលើជំនាញហិរញ្ញកងទ័ព

(ភ្នំពេញ)៖ មន្ត្រីក្រសួងការពារជាតិ បានថ្លែងថា សាលារៀន គឺជាថ្នាលបណ្ដុះបណ្ដាល ចំណេះដឹង និងចំណេះធ្វើ ហើយការសិក្សារៀនសូត្រ គឺរៀនមិនចេះចប់នោះទេ ពិសេសនៅលើជំនាញហិរញ្ញកងទ័ព ដើម្បីវិវឌ្ឍន៍ខ្លួន បង្កើនចំណេះដឹងបន្ថែមទៀត និងរត់-ដើរ ឱ្យទាន់ទៅនឹងសភាពការណ៍ ប្រែប្រួលជាតិ និងអន្តរជាតិ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយកអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ថ្លែងដូចនេះ នៅក្នុងឱកាសអញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញហិរញ្ញវត្ថុ ថ្នាក់មធ្យម ជំនាន់ទី៥ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីក្រសួងការពារជាតិ ។

នៅក្នុងរបាយការណ៍បញ្ចប់វគ្គ ឧត្តមសេនីយ៍ទោ គឹម សុណារ៉ា នាយក នាយកដ្ឋានហិរញ្ញវត្ថុ បានឱ្យដឹងថា វគ្គហ្វឹកហ្វឺនបំប៉នជំនាញហិរញ្ញវត្ថុ ថ្នាក់មធ្យម ជំនាន់ទី៥ មានសិក្ខាកាម ចំនួន៩៣នាក់ ដោយបានធ្វើការហ្វឹកហ្វឺនបំប៉នរយៈពេល ៣ខែ ដល់នាយទាហាន នាយទាហានរង ជំនាញហិរញ្ញវត្ថុ ដែលបានចាត់បញ្ជូន មកពីតាមបណ្តាកងឯកភាពនានា នៅទូទាំង ខ.ភ.ម ហើយបានបញ្ចប់វគ្គ ប្រកបដោយជោគជ័យ ទៅតាមកម្មវិធីដែលបានគ្រោងទុក ។

ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលវគ្គហ្វឹកហ្វឺនបំប៉នជំនាញហិរញ្ញវត្ថុ ថ្នាក់មធ្យម ជំនាន់ទី៥។

ឯកឧត្តម បានលើកឡើងថា កន្លងមកនេះ ពត៌មានបង្ហោះនៅតាមបណ្តាញសង្គមមួយចំនួនតូច បានលើកឡើងថា ឃើញតែសប្បុរសជន យកអំណោយឧបត្ថម្ភដល់កងទ័ពជួរមុខ មិនដែលឃើញក្រសួងការពារជាតិសោះ តែការធ្វើរបស់យើង និងផ្គត់ផ្គង់ដល់កងទ័ព គឺជាការងារលាក់ការណ៍ និងជាការសំងាត់របស់កងទ័ព មិនចេះតែបង្ហាញនោះទេ។ ដូចនេះ ជំនាញហិរញ្ញវត្ថុ គឺជាកិច្ចការមួយសំខាន់ណាស់ នៅក្នុងកិច្ចការ ការពារអធិបតេយ្យ បូរាណភាពទឹកដី ខណៈកន្លងមក ថ្នាក់ដឹកនាំរបស់យើង គឺ សម្តេចតេជោ ហ៊ុនសែន, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ ក្រសួងការពារជាតិ ខ.ភ.ម បានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះការដោះស្រាយ និងចំណាយផ្សេងៗដល់កងទ័ព ពិសេស ស្របក្នុងពេលមានបញ្ហាជម្លោះព្រំដែន ពីមានការឈ្លានពានរបស់ថៃ មកលើកម្ពុជាយើងនាពេលនេះ ។ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋ និងយោធិន ខ.ភ.ម ទាំងអស់ ត្រូវមានការជឿជាក់លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងការពារជាតិ ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែន ទៅតាមផ្លូវច្បាប់អន្តរជាតិ និងដោយសន្តិវិធី ។

ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក បានផ្តាំផ្ញើដល់យោធិន ជំនាញហិរញ្ញវត្ថុ បន្តចូលរួមលើការងារកំណែទម្រង់កងទ័ព ពិសេស លើជំនាញហិរញ្ញវត្ថុសាធារណៈ ក្នុងនោះ ត្រូវខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ លើមុខជំនាញ និងរៀនប្រព័ន្ធព័ត៌មានវិទ្យា IT និង AI បន្ថែមឱ្យបានច្បាស់លាស់ ដើម្បីអនុវត្តការងារឱ្យបានឆាប់ និងទាន់ពេលវេលា ស្របតាមទស្សន: ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា និងទិសដៅផែនការកំណែទំរង់ ខ.ភ.ម ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner