ចិនបើកជើងហោះហើរត្រង់វែងជាងគេលើលោក ចម្ងាយផ្លូវជិត ២ម៉ឺនគីឡូម៉ែត្រ
ប៉េកាំង ៖ ចិនបានបើកដំណើរការ ជើងហោះហើរត្រង់វែងជាងគេ នៅលើពិភពលោក ចម្ងាយផ្លូវ ១,២០០០ម៉ាយ ឬ ជិត២ម៉ឺនគីឡូម៉ែត្រ ចាយពេល ២៩ម៉ោង ដោយហោះហើរ នៅទូទាំងតំបន់ប៉ាស៊ីហ្វិក នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Business Insider នាពេលថ្មីៗនេះ។
ក្រុមហ៊ុនចិន China Eastern Airlines បានចាប់ផ្តើមលក់សំបុត្រហើយ សម្រាប់ការហោះពីទីក្រុងសៀងហៃ ទៅកាន់ទីក្រុង Buenos Aires របស់ប្រទេសអាហ្សង់ទីន។ សំបុត្រធម្មតា មានតម្លៃ ចន្លោះពី១,៥៣៨ដុល្លារ ទៅ ២,២៧០ដុល្លារ ខណៈដែលសំបុត្រថ្នាក់ជំនួញ ដែលមានគ្រែគេង មានតម្លៃ ចាប់ពី ៥,០០០ដុល្លារ ឡើងទៅ។
យន្តហោះ Boeing 777-300 នឹងត្រូវប្រើប្រាស់ សម្រាប់ការហោះហើរនេះ ដែលគ្រោងនឹងរៀបចំហោះ ពីរដង ក្នុងមួយសប្តាហ៍ ចាប់ផ្តើមពីថ្ងៃទី៤ ខែធ្នូ។
ជើងហោះហើរថ្មីនេះ មានការឈប់សម្រាក រយៈពេល ពីរម៉ោង នៅក្នុងទីក្រុង Auckland ប្រទេស នូវែលសេឡង់។ ទោះបីជាមានការឈប់សម្រាកក៏ដោយ ការធ្វើណើរនេះត្រូវបានគេចាត់ទុកថា ជាជើងហោះហើរត្រង់ ដោយសារតែយន្តហោះ និង លេខហោះហើរ ដូចគ្នា ត្រូវបានប្រើ ពេញមួយការធ្វើដំណើរ។
បច្ចុប្បន្ននេះ ជើងហោះហើរមិនឈប់ វែងជាងគេ លើពិភពលោក កំពុងដំណើរការ ដោយក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី ដោយភ្ជាប់ពីអាកាសយានដ្ឋាន Changi ទៅកាន់ អាកាសយានដ្ឋាន JFK របស់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាយពេល ១៩ម៉ោង៕
ប្រភពពី Business Insider ប្រែសម្រួល ៖ សារ៉ាត