អាមេរិកវេតូការអំពាវនាវបទឈប់បាញ់នៅហ្គាហ្សា របស់ប្រឹក្សាសន្តិសុខ UN

អ.ស.ប ៖ ជាថ្មីទៀត សហរដ្ឋអាមេរិកបានវេតូការអំពាវនាវបទឈប់បាញ់ នៅតំបន់ហ្គាហ្សា របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហៅកាត់ អ.ស.ប។

សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ជាថ្មីម្តងទៀត បានប្រើវេតូរបស់ខ្លួន និងបានរារាំងការអំពាវនាវរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់បទឈប់បាញ់ នៅក្នុងតំបន់ហ្គាហ្សា ដោយការពារអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ពីការដាក់សម្ពាធការទូតដ៏ស្រួចស្រាវ។

លោកស្រី Morgan Ortagus បេសកជនអាមេរិកប្រចាំអង្គការសហប្រជាជាតិ ឬ UN បាននិយាយ នៅមុន ការវេតូ របស់ទីក្រុងវ៉ាស៊ីនតោនថា «សហរដ្ឋអាមេរិកបដិសេធដំណោះស្រាយ ដែលមិនអាចទទួលយកបាន វាហួសពេលដែលក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងគ្រប់រូប ឥឡូវនេះ ហើយ យើងមិនអាចចុះចាញ់ ភ្លាមៗ ទេ»។

គួរបញ្ជាក់ថា សង្គ្រាមបានផ្តើមចេញពីការវាយប្រហារ របស់ពួកហាម៉ាស់ លើអ៊ីស្រាអែល កាលពីខែតុលា ឆ្នាំ២០២៣ ស្លាប់មនុស្សជាង១ពាន់នាក់។

ការសងសឹករបស់អ៊ីស្រាអែល នៅហ្គាហ្សា ដែលគ្រប់គ្រងដោយហាម៉ាស់ បានសម្លាប់មនុស្ស ជាង៦ម៉ឺន៥ពាន់នាក់ ហើយភាគច្រើនជាជនស៊ីវិល នេះបើយោងតាមតួលេខ ពីក្រសួងសុខាភិបាលនៃទឹកដីហ្គាហ្សា ហើយ អង្គការសហប្រជាជាតិចាត់ទុកថា អាចទុកចិត្តបាន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner