អាមេរិកលក់ប្រព័ន្ធមីស៊ីលតម្លៃ ៧៨០ លានដុល្លារឲ្យប៉ូឡូញ ចំពេលរុស្ស៊ីសម្លុតគំរាម

វ៉ាស៊ីងតោន ៖ អាមេរិកបានយល់ព្រមលក់ប្រព័ន្ធមីស៊ីល Javelin តម្លៃ៧៨០លានដុល្លារ ឱ្យប្រទេសប៉ូឡូញ ខណៈដែលការគំរាមកំហែងពីរុស្ស៊ី កាន់តែកើនឡើង។

យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារព័ត៌មាន Al Jazeera នៅថ្ងៃទី១៩ ខែកញ្ញានេះ បានឲ្យដឹងថា Javelins គឺជាប្រព័ន្ធកាំជ្រួចបាញ់ចល័ត ដែលប្រើសម្រាប់កំណត់គោលដៅ វាយប្រហារលើរថក្រោះ រថពាសដែក លេណដ្ឋាន និង យន្តហោះដែលហោះហើរទាបៗ។

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងថា ការលក់នេះ នឹងជួយឲ្យប្រទេសជួរមុខ ដ៏សំខាន់ របស់អង្គការណាតូ មួយនេះ ពង្រឹងការការពាររបស់ខ្លួន ជាមួយនឹងការគំរាមកំហែង នៃការលុកលុយរបស់រុស្ស៊ី ដែលកំពុងកើនឡើង។

ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិ សហរដ្ឋអាមេរិក ហៅកាត់ DSCA បាននិយាយថា
នៅក្នុងសេចក្តីថ្លែងការណ៍ថា «ការលក់នេះ នឹងគាំទ្រដល់គោលនយោបាយការបរទេស និងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក តាមរយៈការធ្វើឱ្យប្រសើរឡើង នូវសន្តិសុខនៃសម្ព័ន្ធមិត្តណាតូ ដែលជាកម្លាំង សម្រាប់ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច នៅអឺរ៉ុប»។

ប្រភពបន្តថា «ប្រព័ន្ធមីស៊ីលទាំងនេះ នឹងធ្វើអោយប្រសើរឡើងនូវសមត្ថភាពរបស់ប្រទេសប៉ូឡូញ ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែង នាពេលបច្ចុប្បន្ន និងអនាគត ពង្រឹងការការពារទឹកដីប៉ូឡូញ និងបំពេញតាមតម្រូវការរបស់ណាតូ។

ទីភ្នាក់ងារអាមេរិក មួយនេះ បាននិយាយថា ខ្លួនបានជូនដំណឹងដល់សភា អំពីការលក់អាវុធ ដ៏មានសក្តានុពល សម្រាប់ការអនុម័ត នាពេលខាងមុខ។

សេចក្តីប្រកាសនេះ បានធ្វើឡើង ត្រឹមតែមួយសប្តាហ៍ បន្ទាប់ពីកងកម្លាំងប៉ូឡូញ និងណាតូបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកជាង ២០គ្រឿង ដែលបំពានដែនអាកាស របស់ប្រទេសនេះ អំឡុងពេលការវាយប្រហារតាមអាកាសរបស់រុស្ស៊ី ទៅលើប្រទេសជិតខាង អ៊ុយក្រែន៕

ប្រភពពី Al Jazeera ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner