ក្រសួងការពារជាតិកម្ពុជា ស្រាយបំភ្លឺពីករណីតំបន់ភូមិព្រៃចាន់ ដែលភាគីថៃប្រើផែនទីឯកតោភាគីបំណងបំពានទឹកដីកម្ពុជា

(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីស្រាយបំភ្លឺដោយបញ្ជាក់នៅថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២៥ថាកន្លងមកក្រសួងការពារជាតិកម្ពុជាសង្កេតឃើញថា មានអ្នកនាំពាក្យរងនៃកងទ័ពថៃ រដ្ឋបាល ខេត្តស្រះកែវ ក៏ដូចជាបណ្តាញសារព័ត៌មានថៃបានបង្ហាញ និងផ្សព្វផ្សាយដល់សាធារណៈជនជាតិ និងអន្តរជាតិ អំពីផែនទី រូបភាពផ្កាយរណប និងប្លង់ទីតាំងបង្គោលព្រំដែន នៅតំបន់ភូមិព្រៃចាន់ ដោយប្រើប្រាស់ឯកសារ និងព័ត៌មានទ្វេភាគី មួយចំនួនមកបកស្រាយប្រាសចាកពីការពិត ក្នុងចេតនាបំភាន់ សាធារណៈជនជាតិ និងអន្តរជាតិដើម្បីចោទប្រកាន់មកលើប្រជាពលរដ្ឋកម្ពុជាថា បានទន្ទ្រានចូលទឹកដីថៃ ។

ក្នុងការបកស្រាយបំភ្លឺ ពាក់ព័ន្ធករណីតំបន់ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ឧត្តមសេនីយ៍ទោ ឆេង ឃុន នាយករងនាយកដ្ឋានភូមិសាស្រ្ត ក្រសួងការពារជាតិ នារាត្រីថ្ងៃទី២២ ខែកញ្ញ ឆ្នាំ២០២៥នេះ បានបញ្ជាក់ថាកាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៥ មាន គណនី Facebook Page មានឈ្មោះ «Royal Thai Army: Update» បានបង្ហោះរូបភាពនេះដដែលក្នុងគោលបំណងដើម្បីឱ្យមានការភាន់ច្រឡំថាប្រធានក្រុមវាស់វែងចម្រុះកម្ពុជា និង ថៃបានចុះ ហត្ថលេខាទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនជាផ្លូវការ នៅតំបន់ភូមិព្រៃចាន់ ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ 42 និងលេខ43 ដែលករណីនេះរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានចេញសេចក្តីប្រកាសបដិសេធព័ត៌មាន កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៥រួចហើយ។

ពាក់ព័ន្ធករណីខាងលើនេះក្រសួងការពារជាតិសូមបំភ្លឺ និងបញ្ជាក់ជូនដល់សាធារណៈជនជាតិ និងអន្តរជាតិ ឱ្យបានជ្រាបថា ការពិតបើយើងពិនិត្យទៅលើផែនទីដែលកន្លងមកទាំងអ្នកនាំពាក្យយោធាថៃ ក៏ដូចជាសារព័ត៌មានថៃ យកមកបង្ហាញ និង ផ្សព្វផ្សាយគឺជាផែនទីដែលគូសខ្សែ ព្រំដែនជាឯកតោភាគីដែលបង្កើតជាព័ត៌មាន មិនពិតទូទៅតាមលក្ខណៈបច្ចេកទេសនាំឱ្យមានការភាន់ច្រឡំ ក្នុងនេះ

ទី១ខ្សែដែលមានព៌ណក្រហម និងខ្សែពណ៌ខៀវនៅលើផែនទីរូបភាពផ្កាយរណបរបស់ថៃនេះ គឺមិនមែនជាខ្សែព្រំដែនផ្លូវការដែលបានឯកភាពគ្នានោះទេ ប៉ុន្តែវាគឺជាខ្សែតភ្ជាប់ដែលភាគីថៃយកមកគូស ក្រៅផ្លូវការជាឯកតោភាគីប៉ុណ្ណោះ ហើយប្រើប្រាស់ផែនទីនេះដើម្បីពន្យល់ទៅសាធារណជនឱ្យមានការយល់ច្រឡំ និងទាមទារឱ្យកម្ពុជាទទួលស្គាល់ថាជាខ្សែព្រំដែនដែលបានឯកភាពគ្នាទ្វេភាគី។

ឯកឧត្តមបានលើកឡើងដោយបញ្ជាក់ដែរថា ចំពោះប្លង់បង្ហាញទីតាំងភូមិសាស្រ្ត និងបង្គោលព្រំដែនដែលអ្នកនាំពាក្យរងកងទ័ពថៃ ក៏ដូចជារដ្ឋបាលខេត្តស្រះកែវ និងបណ្តាញព័ត៌មានថៃ យកមកបង្ហាញ និងផ្សព្វផ្សាយនេះមានចុះហត្ថលេខា ដោយលោក ឡាយ សៀងលី (អតីតប្រធានក្រុមវាស់វែងខាងកម្ពុជា) និងវរៈសេនីយ៍ឯក ឆាខន ប៊ុនផាក់ឌី (អតីតប្រធានក្រុមវាស់វែងខាងភាគីថៃ) គឺជាប្លង់ដែលបញ្ជាក់អំពីទីតាំងបង្គោលព្រំដែន ប៉ុណ្ណោះ។ ប្លង់នេះត្រូវបានធ្វើ និងចុះហត្ថលេខារួមគ្នាដោយប្រធានក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ ក្រោយពេលដែលភាគីទាំងពីរបានចុះពិនិត្យ និងផ្ទៀងផ្ទាត់លើទីតាំងពិតប្រាកដនៃបង្គោលព្រំដែនដែលបានបោះកាលពីសម័យបារាំង ហើយមិនមែនជាផែនទីឬជាឯកសារដែលនិយាយ ឬបញ្ជាក់ពីខ្សែព្រំដែនឡើយ។

បើតាមឧត្តមសេនីយ៍ទោ ឆេង ឃុន ការលើកឡើងថា ការចុះហត្ថលេខារបស់លោក ឡាយ សៀងលី លើប្លង់ទីតាំងបង្គោលទាំងនេះ គឺជាការទទួលស្គាល់ខ្សែព្រំដែន ពុំមែនជាការពិតនោះទេ។

ទី២បើផ្អែកទៅលើខ្សែព្រំដែនមិនមែនជាផ្លូវការដែលគូសផែនទី លើផ្កាយរណប ឯកតោភាគីរបស់ថៃ នៅចន្លោះព្រំដែនលេខ 42 និងលេខ 43ក៏ដោយក៏យើងសង្កេតឃើញថាការអង្កេតនៅលើដីជាក់ស្តែងបានបង្ហាញ និងបញ្ជាក់យ៉ាងច្បាស់ថាក៏មានការកាន់កាប់អាស្រ័យផលជាក់ស្តែងរបស់ប្រជាពលរដ្ឋថៃចូលមកទឹកដីកម្ពុជាផងដែរ។

ទី៣កន្លងមកយោធាថៃក៏ដូចជាអាជ្ញាធរខេត្តថៃ បានប្រើប្រាស់ផែនទីដែលបង្កើតខ្សែព្រំដែនជាឯកតោភាគី យកមកទាមទារទីតាំងដែលខ្លួនបានចោទប្រជាពលរដ្ឋកម្ពុជា ថាបានចូលទន្ទ្រានកាន់កាប់ ចូលក្នុងទឹកដីថៃ ប៉ុន្តែមិនបានបង្ហាញពីទីតាំងដែលប្រជាពលរដ្ឋថៃក៏ដូចជា យោធាថៃ បានចូលទន្ទ្រានកាន់កាប់ក្នុងទឹកដីកម្ពុជានោះសោះឡើយ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner