រដ្ឋមន្រ្តីក្រសួងបរិស្ថានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមព្រឹត្តិការណ៍ពិសេសស្តីពីសកម្មភាពអាកាសធាតុ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅបុរីញូវយ៉ក
(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា នៅយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូ កម្ពុជា ដើម្បីចូលរួម ព្រឹត្តិការណ៍ពិសេសស្តីពីសកម្មភាពអាកាសធាតុក្នុងឱកាសសប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ និងកិច្ចប្រជុំពាក់ព័ន្ធដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៣-២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។
ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៥នេះថា ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឯកឧត្តមរដ្ឋមន្រ្តី គ្រោងថ្លែងនូវសន្ទរកថាគន្លឹះក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រជុំនៃមហាសន្និបាតអង្គការសហប្រជាតិស្តីពីសកម្មភាពអាកាសធាតុ ការថ្លែងបទអន្តរាគមន៍ក្នុងនាមតំណាងប្រទេស រដ្ឋភាគីនៃកិច្ចព្រមព្រៀង ស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ (BBNJ Agreement) ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នឹងដឹកនាំគណៈប្រតិភូកម្ពុជា ថ្លែងសន្ទរកថា ចូលរួមក្នុងវេទិកាកិច្ចពិភាក្សាពាក់ព័ន្ធមួយចំនួនទៀត និងគ៏មានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍មួយចំនួនផងដែរ ដើម្បីពង្រឹង និងពង្រីកកិច្ចប្រតិបត្តិការ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ ទំនងទ្វេភាគី ក៏ដូចជាក្នុងការដោះស្រាយរួមគ្នាបញ្ហាបរិស្ថាន ជាពិសេសការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសាកល និងក្តីបារម្ភរួម ។
សូមបញ្ជាក់ថា កម្ពុជាបានប្តេជ្ញាចិត្តរបស់ខ្លួនជាមួយសហគមន៍អន្តរជាតិប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ។ ការប្តេជ្ញាចិត្តនេះត្រូវបានបង្ហាញ តាមរយៈការដាក់ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ NDC 3.0 របស់ខ្លួននៅថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២៥ដែលបង្ហាញពីផែនការមហិច្ឆិតា ក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ រហូតដល់ ៥៥% ត្រឹមឆ្នាំ ២០៣៥។
ផែនការជាតិ NDC 3.0 រួមមានសកម្មភាពអាទិភាពចំនួន ១៦៣ លើការកាត់បន្ថយ ការបន្សាំ និងការអនុវត្តសកម្មភាព ឆ្ពោះទៅការសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០ របស់កម្ពុជា។ ដោយឡែក បន្ទាប់ពីច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (BBNJ Agreement) ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ តាមព្រះរាជក្រមចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ និងបានដាក់ឯកសារចូលជារដ្ឋភាគី នៃកិច្ចព្រមព្រៀងនេះរួចមក កម្ពុជា បានផ្តល់សច្ចាប័នជាផ្លូវការលើកិច្ចព្រមព្រៀង នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ និងបានក្លាយជាប្រទេសទី ៥៦ ក្នុងចំណោមប្រទេស៦០ ដំបូងគេ ដែលបានផ្តល់សច្ចាប័នទទួលស្គាល់កិច្ចព្រមព្រៀងនេះ៕
ដោយ ៖ ម៉ាដេប៉ូ











