ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៨០នៃ​មហាសន្និបាត​​អង្គការសហប្រជាជាតិ

ភ្នំពេញ៖ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះ​រាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៨០​នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ និង២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅព្រឹកថ្ងៃទី២៣ ខែកញ្ញានេះបានបញ្ជាក់ថា សម័យ​ប្រជុំនៅឆ្នាំនេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ “រួមគ្នាដើម្បីភាពប្រសើរឡើង៖ ៨០ឆ្នាំ និងច្រើនឆ្នាំទៀត ដើម្បី​សន្តិភាព ការអភិវឌ្ឍ និងសិទ្ធិមនុស្ស”។

អំឡុងពេលនៃកិច្ចពិភាក្សាទូទៅ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នឹងអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិ​របស់​កម្ពុជា ដោយបង្ហាញពីការប្ដេជ្ញាចិត្តយូរអង្វែងរបស់ព្រះរាជាណាចក្រកម្ពុជាចំពោះសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការពហុភាគី ការលើកកម្ពស់និងការការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ សន្តិសុខសប៊័រ និងភាពធន់នឹងអាកាសធាតុ។

ដោយឡែកឯកឧត្តមឧបនាយករដ្ឋមន្ត្រី គ្រោងនឹងមានជួប ទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហ​ប្រជាជាតិ សមភាគី បរទេស និងអង្គការអន្តរជាតិនាអំឡុង សប្តាហ៍ជាន់ខ្ពស់នេះ ដើម្បីពង្រឹងទំនាក់ទំនងការទូត ភាពជាដៃ​គូទ្វេភាគី និងពហុភាគី និងការរួមចំណែករបស់កម្ពុជាចំពោះសន្តិភាព និងវិបុលភាព ពិភពលោក។

ក្រសួងការបរទេសបានគូសរំលេចថា”ខណៈដែលអង្គការសហប្រជាជាតិប្រារព្ធខួបលើកទី៨០ របស់ខ្លួនកម្ពុជារួមជាមួយសហគមន៍អន្តរជាតិក្នុងស្មារតីសាមគ្គីភាព បញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តម៉ឺងម៉ាតចំពោះសន្តិភាព ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងការការពារសិទ្ធិមនុស្ស៕
ដោយ៖មុនី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner