ថ្ងៃនេះក្រុមការងារសម្របសម្រួលចម្រុះកម្ពុជា-ថៃ បានជួបប្រជុំលើកដំបូងតាមប្រព័ន្ធ VTC

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារសម្របសម្រួលចម្រុះនៃប្រទេសទាំងពីរបានជួប​ប្រជុំលើក​ដំបូង តាមប្រព័ន្ធ VTC ដោយយោងតាមលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ដែលភាគីទាំងពីរ​បាន​ឯកភាព​គ្នាឱ្យ​បង្កើតក្រុមការងារសម្របសម្រួលចម្រុះ (Joint Coordinating Task Force – JCTF) ក្នុងការងារ​ដោះមីន​មនុស្សធម៌ នៅតំបន់អាទិភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលនឹងត្រូវព្រមព្រៀងដោយភាគីទាំងពីរ ។នេះបើតាមការបញ្ជាក់របស់លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ។

អ្នកនាំពាក្យដដែលបានគូសរំលេចថា ចំពោះកិច្ចការងារដោះមីនមនុស្សធម៌នេះ ព្រះរាជាណាចក្រកម្ពុជាបានខិតខំ​ប្រឹងប្រែងអនុវត្ត​សកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ តាំងពីឆ្នាំ១៩៩២ មកម្ល៉េះ។ ជាលទ្ធផល​ក្នុងរយៈពេល ៣៣ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា បានបន្ថយចំនួនជនរងគ្រោះដោយសារគ្រាប់មីនពី ៤.០០០នាក់ ក្នុងមួយ​ឆ្នាំក្នុងទសវត្ស ៩០ មកនៅក្រោម ១០០នាក់ក្នុងមួយឆ្នាំ នៅឆ្នាំ២០២០ និងបានរំដោះផ្ទៃដីប្រមាណ ៣ ៣០៧ គីឡូម៉ែត្រការ៉េ និងបំផ្លាញគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ៤.៣ លានគ្រាប់។ បន្ថែមពីនេះ កម្ពុជា​ជាប្រទេស​ដែលបានប្រែក្លាយខ្លួនពីប្រទេសរងគ្រោះដោយសារសង្គ្រាម និងគ្រាប់មីន ទៅជាប្រទេសចូលរួម​រក្សាសន្តិភាព​ពិភពលោក ក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងចូលរួមបោសសម្អាតមីននៅប្រទេសដែលរងគ្រោះ​ដោយសារ​សង្គ្រាមផងដែរ៕
ដោយ៖ង៉ាន ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner