សម្តេចតេជោថ្លែងថា កម្ពុជា មិនប្តូរជំហរ ដោយមិនសុំថៃបើកច្រកព្រំដែន ហើយកម្ពុជាមិនស្លាប់ឡើយ ទោះថៃបន្តបិទច្រក ១០០ឆ្នាំទៀតក៏ដោយ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រាប់ទៅប្រទេសថៃថា កម្ពុជា នៅតែរក្សាជំហរមិនផ្លាស់ប្តូរ និងកម្ពុជាក៏មិនបន្ទាបខ្លួនទៅសុំថៃបើកច្រកព្រំដែននោះដែរ ហើយទោះថៃអាចបន្តបិទសូម្បី១០០ឆ្នាំទៀត ក៏កម្ពុជាមិនស្លាប់ឡើយ ។ ការបញ្ជាក់ជំហររបស់កម្ពុជា ជាថ្មីនេះ បានធ្វើឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ នៅល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីមានសេចក្តីរាយការណ៍ព័ត៌មានពីប្រទេសថៃ ពីគ្រប់មជ្ឈដ្ឋានបានចេញមកជជែកគ្នាយ៉ាងច្រើនអំពីការចង់ឱ្យបន្តបិទព្រំដែនកម្ពុជា-ថៃបន្តទៀត ។ ការឆ្លើយតបរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភានេះក៏នៅបន្ទាប់ពីអគ្គមេបញ្ជាកងយោពលភូមិន្ទថៃ ទើបបានបោះឆ្នោតជាឯកច្ឆ័នសម្រេចបិទព្រំដែន និងច្រកពាណិជ្ជកម្មទាំងអស់រវាងកម្ពុជា-ថៃ ដោយគ្មានកាលកំណត់ រហូតដល់ស្ថានការណ៍ធូរស្រាល និងលុះត្រាណាយោធាថៃមើលឃើញថា កម្ពុជា បញ្ឈប់ការគំរាមកំហែងដល់សន្តិសុខជាតិថៃ។

នៅក្នុងសំណេរឆ្លើយតបរបស់សម្តេចតេជោ បានថ្លែងជាវិជ្ជមានថា «ចាប់តាំងពីយោធាថៃបិទព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានសុំភាគីថៃបើកច្រកវិញទេ គ្រាន់តែប្រាប់ទៅភាគីថៃថា (ថៃជាអ្នកបិទ ថៃគឺជាអ្នកបើក មិនបាច់ចរចាជាមួយកម្ពុជាទេ ហើយកម្ពុជានឹងបើកតាមក្រោយយ៉ាងយូរ ៥ម៉ោង)។ ជំហរកម្ពុជានេះ នឹងមិនផ្លាស់ប្តូរទេ ហើយកម្ពុជាក៏មិនធ្វើថោកទៅសុំថៃបើកច្រកព្រំដែននោះដែរ ។ ថៃអាចបន្តបិទ សូម្បី ១០០ឆ្នាំទៀត ក៏កម្ពុជាមិនស្លាប់ដែរ។ »

តាមរយៈការបិទច្រកដោយឯកតោភាគី សម្តេចតេជោ បាអរគុណថៃ ដែលតាមរយៈនេះ បានធ្វើឱ្យទំនិញថៃនាំចូលមិនបាន និងនាំឲ្យទំនិញកម្ពុជាដែលផលិតក្នុងស្រុកមានការរីកចម្រើនយ៉ាងខ្លាំង ។ ការបង្ហាញភាពមើលងាយកម្ពុជានេះ បាននាំឲ្យប្រជាជនកម្ពុជា ដែលស្រឡាញ់ជាតិនាំគ្នាគាំទ្រប្រើប្រាស់ទំនិញក្នុងស្រុក ដែលនេះ នឹងគាំទ្រដល់ការរីកចម្រើនខាងសេដ្ឋកិច្ចសម្រាប់រយៈពេលវែង។

សម្តេចតេជោ បានបន្តថា ជាង ៣ខែ អត់ទំនិញថៃ ទីផ្សារកម្ពុជាមានស្ថិរភាព មានទំនិញប្រើប្រាស់គ្រប់គ្រាន់ និងអតិផរណាទាបនិយាយដោយឡែក និងនិយាយជារួមម៉ាក្រូសេដ្ឋកិច្ចគ្រប់គ្រងបានល្អ។

បន្ថែមពីការបញ្ជាក់ពីជំហរជាថ្មីរបស់កម្ពុជា ក្នុងរឿងបើកព្រំដែនជាមួយថៃនេះដែរ ប្រធានព្រឹទ្ធសភាកម្ពុជា ក៏បានលើកឡើងពីសំណើរបស់ជប៉ុនដែលវិនិយោគនៅថៃផង នៅកម្ពុជាផង ដែលត្រូវការដឹកទំនិញឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ សម្តេចបានស្នើទៅជប៉ុនត្រូវធ្វើទំនាក់ទំនងជាមួយភាគីថៃ ព្រោះភាគីកម្ពុជាបានផ្តល់ការយល់ព្រមរួចហើយ ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ ឯកសារ

ads banner