សម្ដេចតេជោ ហ៊ុន សែន ផ្តល់នូវការវិភាគបន្ថែម ៤ចំណុច ដែលអាចកើតឡើង ក្រោយការស្លាប់របស់ខ្ញុំថ្ងៃ២៤ កញ្ញា ១៩៩៨

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងតាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ថា ម្សិលមិញ ខ្ញុំបង្ហោះសារមួយទាក់ទងដល់ការបាញ់ប្រហារដើម្បីសម្លាប់ខ្ញុំ ថ្ងៃ២៤ កញ្ញា ១៩៩៨នៅទីរួមខេត្តសៀមរាប។ ខ្ញុំគិតថា អត្ថបទនេះមានកំហុសត្រង់ចំណុច(ប្រសិនខ្ញុំស្លាប់ឬរបួសប្រទេសកម្ពុជាយើង និងមិនមានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃឡើយព្រោះម្ចាស់នៃនយោបាយឈ្នះ ឈ្នះបានស្លាប់ទៅហើយ)។ ការសរសេរបែបនេះ គឺជាកំហុសដែលមើលឃើងតែមួយជ្រុងនៃតួនាទីរបស់ខ្ញុំដោយមិនបានគិតដល់កត្តាដ៏ទៃទៀត។

សម្ដេចបន្តថា ពេលនេះ ខ្ញុំសូមផ្តល់នូវការវិភាគបន្ថែមដែលអាចកើតឡើងក្រោយការស្លាប់របស់ខ្ញុំ។

១.ក្រោយការស្លាប់របស់ខ្ញុំការបង្ហូរឈាមមួយកើតឡើងភ្លាមដែលធ្វើឲ្យមនុស្សយ៉ាងច្រើនស្លាប់នៅទីរួមខេត្តសៀមរាប។

២.គ្រប់គ្រងសភាពការបានរដ្ឋសភាដំណើការប្រជុំធម្មតានិងឈានទៅបង្កើតរាជរដ្ឋាភិបាលថ្មីឬត្រូវជាប់គាំង បង្កើតរាជរដ្ឋាភិបាលមិនបាន។

៣.ប្រទេសបន្តសង្រ្គាមដោយបែងចែកជាតំបន់ត្រួតត្រា២ ម្ខាងរាជរដ្ឋាភិបាល និងម្ខាងទៀតខ្មែរក្រហម។

៤.មានអ្នកដឹកនាំនយោបាយឆ្នើមរកការស្រុះស្រួលផ្ទៃក្នុងផង និងរកវិធីបញ្ចប់សង្គ្រាមបានផង។ តាមរយៈការស្រុះស្រួលនេះ សន្តិភាពកើតមាននាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដែលល្អលើសហ៊ុន សែនច្រើនដង។

សម្ដេចតេជោ បន្ថែមថា នៅមានកត្តាច្រើនទៀត ដែលខ្ញុំសូមមិនលើកឡើង ទុកជូនបងប្អូនវាយតម្លៃខ្លួនឯង ។

សូមរំលឹកថា នាថ្ងៃទី២៤កញ្ញា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងលើបណ្ដាញសង្គមថា ថ្ងៃ២៤ ខែកញ្ញា ឆ្នាំ២០២៥ ជាខួបលើកទី២៧ឆ្នាំ នៃការបាញ់ប្រហារដើម្បីសម្លាប់ខ្ញុំនៅទីរួមខេត្តសៀមរាប (២៤ កញ្ញា ១៩៩៨ -២៤ កញ្ញា ២០២៥)។

ជាសំណាងល្អខ្ញុំមិនមានគ្រោះថ្នាក់ និងបន្តនៅជាមួយប្រជាជនដើម្បីបន្តអនុវត្តនយោបាយឈ្នះឈ្នះ ដើម្បីបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដីដែលសម្រេចបាននៅថ្ងៃ២៩ ខែធ្នូ ឆ្នាំ១៩៩៨។

ខ្ញុំមិនរំលឹកឡើងវិញនូវរឿងរ៉ាវនាព្រឹកថ្ងៃ២៤ ខែកញ្ញា ឆ្នាំ១៩៩៨ នោះទេ តែខ្ញុំគួរតែបញ្ជាក់ថា ប្រសិនពេលនោះខ្ញុំស្លាប់ ឬត្រូវរបួស ប្រទេសកម្ពុជាយើងនឹងមិនមានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះឡើយ ព្រោះម្ចាស់នៃនយោបាយឈ្នះឈ្នះបានស្លាប់ទៅហើយ និងប្រសិនបើខ្ញុំត្រឹមត្រូវរបួសក៏ទីរួមខេត្តសៀមរាប និងមានអ្នកនយោបាយជាច្រើននឹងត្រូវស្លាប់។

គិតពីថ្ងៃ២៤ ខែកញ្ញា ឆ្នាំ១៩៩៨ មកដល់ពេលនេះ ខ្ញុំរស់បាន២៧ឆ្នាំរួចមកហើយ និងសង្ឃឹមថានឹងរស់បានតិចបំផុត២៧ឆ្នាំបន្តទៀត។

សម្ដេចតេជោ សូមជូនរូបថតប៉ុន្មានសន្លឹកនៅពេលខ្ញុំមានអាយុជាង៤០ឆ្នាំ និងក្រោម៥០ឆ្នាំ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner