កម្ពុជា ប្តេជ្ញាចូលរួមជាមួយសហគមន៍អន្តរជាតិ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល ដោយកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ជក់ ៥៥% នៅឆ្នាំ២០៣៥

(ភ្នំពេញ)៖ នៅទីស្នាក់កណ្តាលអង្គការសហប្រជាជាតិនៃទីក្រុងញូយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០២៥ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសនិ្នសិទអាកាសធាតុ និងបានថ្លៃងបញ្ជាក់ អំពីគោលជំហររាជរដ្ឋាភិបាល ក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជក់ថា កម្ពុជាបានបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួច តែជាប្រទេសមួយទទួលរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ។ ផែនការជាតិរួមចំណែកជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣(NDC3.0) ដែលបានដាក់ជូនលេខាធិការដ្ឋានអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុគឺជាជំហ៊ានសំខាន់មួយឆ្ពោះទៅកៀគរធនធានហិរញ្ញវត្ថុដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងវិនិយោគដែលបញ្ចេញកាបូនតិច មានភាពធននិងអាកាសធាតុ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាត្រូវការអភិវឌ្ឍសេដ្ឋកិច្ច ជាមួយគ្នានេះ កម្ពុជាក៍បានប្តេជ្ញាចូលរួមជាមួយសហគមន៍អន្តរជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល ផ្អែកលើគោលការណ៍ «ការទទួលខុសត្រូវរួម ប៉ុន្តែកម្រិតផ្សេងគ្នា ផ្អែកតាមសមត្ថភាពរៀងៗខ្លួន» នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC)។ ផែនការ NDC 3.0 ត្រូវបានរៀបចំឡើងដោយផ្អែកលើការប្តេជ្ញាចិត្ត និងផែនការយុទ្ធសាស្ត្រជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សំដៅបង្កើនមហិច្ឆតាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យកាន់តែប្រសើរជាងមុន និងលើកកម្ពស់សមត្ថភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុស្របតាមអាទិភាពជាតិ និងគោលដៅកំណត់កំណើនសីតុណ្ហភាពសកលឱ្យនៅក្រោមកម្រិត ១.៥ អង្សារសែសស៊ុស ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។ ផែនការជាតិនេះមានគោលបំណងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់រហូតដល់ ៥៥% ដែលស្មើនឹងប្រមាណ ៧៣.៧ MtCO2e (លានតោននៃសមមូលឧស្ម័នកាបូនិក) នៅត្រឹមឆ្នាំ២០៣៥ ក្រោមសេណារីយ៉ូមានលក្ខខណ្ឌ ដោយផ្តោតលើវិស័យថាមពល (រួមទាំងការដឹកជញ្ជូន និងការផលិតនិងសំណង់) ដំណើរការឧស្សាហកម្មនិងការប្រើប្រាស់ផលិតផល (IPPU) កសិកម្ម ព្រៃឈើ និងការប្រើប្រាស់ដីផ្សេងទៀត (FOLU) និងវិស័យសំណល់៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner