ខេត្តកំពត ទទួលភ្ញៀវទេសចរជិត ១៥ម៉ឺននាក់ ក្នុងឱកាសឈប់សម្រាកពិធី​បុណ្យភ្ជុំបិណ្ឌ

(ខេត្តកំពត )៖ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានបញ្ជាក់ថា សម្រាប់ពិធីបុណ្យ ភ្ជុំបិណ្ឌកា់បិណ្យឆ្នាំនេះ បងប្អូនប្រជាពលរដ្ឋបានមកជួបជុំគ្នាធ្វើ​បុណ្យ​ទាននៅស្រុកកំណើតតាមប្រពៃណីទំនៀមទម្លាប់ដូចសព្វមួយដង។ ហើយ​ក្រៅពីការធ្វើបុណ្យទាននៅតាមវត្តអារាម និងក្នុងគ្រួសារ ពួកគាត់ក៏បានឆ្លៀត​ពេល​ដើម្បីនាំគ្នាដើរកម្សាន្តតាមរមណីយដ្ឋាននានាផងដែរ។ ជាក់ស្តែងខេត្តកំពត ដោយ​គិត​ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ មានភ្ញៀវជាតិ និងអន្តរជាតិដែល​បានចូលមកលម្ហែកម្សាន្ត និងស្នាក់នៅសរុបចំនួន ១៤៦.៦៦៣នាក់ ក្នុងនោះភ្ញៀវ​ជាតិ​មាន ១៤៤.៩០១នាក់ និងទេសចរបរទេសចំនួន ១.៧៦២នាក់។

លោកប្រធានមន្ទីរបានបន្តថា បើទោះជាអាកាសធាតុមានភ្លៀងរលឹមក៏ពិតមែន ប៉ុន្តែនៅតាមរមណីយដ្ឋាននានាទូទាំងខេត្ត មិនថាតំបន់រមណីយដ្ឋានភ្នំបូកគោ តំបន់ទឹកឈូ តំបន់កសិ-ទេសចរណ៍ឃុំកូនសត្វ សហគមន៍ទេសចរណ៍ ឬក៏តំបន់រមណីយដ្ឋានទំនប់ម្លេចនោះទេ គឺភ្ញៀវបានទៅដើរលេងច្រើន។

លំហូរភ្ញៀវមកលេងខេត្តកំពតច្រើន ក៏បានធ្វើឲ្យមានការកកស្ទះចរាចរណ៍​ជាអន្លើៗ​ផងដែរ បើតាមលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រាប់ឲ្យដឹងថា កម្លាំងរបស់លោកបានត្រៀមជាប្រចាំ ដើម្បីការពារសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់ និងជួយសម្រួលចរាចរណ៍។ជាក់ស្តែងនៅថ្ងៃទី ២៣ ខែកញ្ញានេះ ភ្ញៀវទេសចរមកកំពតច្រើន កម្លាំងស្នងការ និងអាវុធហត្ថបានជួយ​សម្រួលចរាចរណ៍តាំងពីព្រឹករហូតដល់ប្រយប់ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ នៅត្រង់ចំណុចគល់ស្ពានថ្មី (ទាំងត្រើយខាងលិច និងត្រើយខាងកើត) និងនៅតាម​ផ្លូវមាត់ព្រែកពីស្ពានរថភ្លើងហូតដល់ឆ្នេរកោះស្មៅតែម្តង៕

ដោយ ៖ សិលា សារិន

ads banner