នាវាផ្ទុកយន្តហោះដ៏ធំបំផុតដឹកនាំសមយុទ្ធណាតូ
បរទេស ៖ នាវាផ្ទុកយន្តហោះដ៏ធំបំផុត របស់ពិភពលោក ដឹកនាំសមយុទ្ធ ណាតូ នៅសមុទ្រខាងជើង។
នាវា USS Gerald R. Ford បានដឹកនាំដំណាក់កាល ទីពីរ នៃសមយុទ្ធ NATO Neptune Strike 25-3 នៅសមុទ្រខាងជើង។ ឧត្តមនាវីទោ Paul Lanzilotta មានប្រសាសន៍ថា «យើងត្រូវតែមានសម្ព័ន្ធភាពល្អបំផុត ដូច្នេះ យើងអាចពឹងផ្អែកលើគ្នា ទៅវិញទៅមក ប្រសិនបើចាំបាច់»។
សមយុទ្ធនៅអឺរ៉ុបនេះ លាតសន្ធឹងលើសមុទ្រមេឌីទែរ៉ាណេ, សមុទ្រអាឌ្រីយ៉ាទិក, សមុទ្រខាងជើង និង សមុទ្របាល់ទិក ក្នុងការបង្ហាញកងកម្លាំង ដែលមានយោធា ជាង១ម៉ឺននាក់ មកពី១៣ប្រទេស។
NATO កំពុងធ្វើសមយុទ្ធជាសេរ៊ី Neptune Strike ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៥។ ប្រតិបត្តិការនេះ ក៏គ្របដណ្ដប់ លើបេសកកម្មតាមអាកាសដែរ ខណៈដែលក្រុមការងារចម្រុះជាតិសាសន៍ ធ្វើបេសកកម្មសម្របសម្រួល នៅបាល់ទិក និង មេឌីទែរ៉ាណេ។
ដោយបង្កើតឡើង ក្នុងឆ្នាំ២០២០ សមយុទ្ធ Neptune Strike បង្ហាញពីសមត្ថភាពរបស់ NATO ក្នុងការរួមបញ្ចូលកងនាវាចរ និង កងកម្លាំងវាយប្រហារចម្រុះជាតិសាសន៍ ផ្តោតលើល្បឿន និងចម្ងាយ។ សកម្មភាពទាំងនេះ ត្រូវបានគ្រោងទុក ជាយូរមកហើយ ថា ជាការពង្រឹងការការពារ និង អនុលោមតាមច្បាប់អន្តរជាតិ។
គោលបំណង នៃសមយុទ្ធ Neptune Strike នៅឆ្នាំនេះ គឺបង្ហាញថា ប្រទេសសម្ព័ន្ធមិត្តមួយនេះ អាចប្រតិបត្តិការជាមួយគ្នា ដើម្បីការពារផ្នែកខាងត្បូង នៃទ្វីបអឺរ៉ុប៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត