ក្រសួងការពារជាតិច្រានចោលចំពោះការចោទប្រកាន់ពី បណ្តាញសង្គម និងសារព័ត៌មានរបស់ថៃ ដែលបានចុះផ្សាយពីកម្ពុជា បានចល័តទ័ព និងសព្វាវុធថា ជាការបំភ្លើសការពិត
(ភ្នំពេញ)៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ មានបណ្តាញសង្គម និងសារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយថា ”កម្ពុជាបានចល័តទ័ព និងសព្វាវុធ ដោយភ្ជាប់ជាមួយនឹងរូបភាពមួយចំនួន”នោះជាការមិនពិតសោះឡើយ ។
ជាមួយការបដិសេធនេះអ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានបង្ហាញនូវការពិតមួយចំនួនដូចជា៖
១. ការលើកឡើងរបស់បណ្តាញសង្គម និងសារព័ត៌មានថៃមួយចំនួនខាងលើ មិនមែនជាការពិតទេ
២. ចំពោះរូបភាពដែលបណ្តាញសង្គម និងសារព័ត៌មានថៃបានយកទៅផ្សព្វផ្សាយនោះ គឺជារូបភាពចាស់ ៗ ដែលមិនមែនជារូបភាពក្នុងថ្ងៃនេះនោះទេ
៣. កងកម្លាំងរបស់កម្ពុជាមិនបានធ្វើសកម្មភាពបង្កហេតុ ឬធ្វើសកម្មភាពណាមួយដែលរំលោភបំពានលើ កិច្ចព្រមព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់បណ្តាញសង្គម និងសារព័ត៌មានថៃនោះឡើយកងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងការអនុវត្ត នូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត ដោយបន្ត សហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់ សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបាន ឆាប់រហ័ស៕
ដោយ ៖ ម៉ាដេប៉ូ