កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ រវាងយោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ដែលគ្រោងធ្វើនៅថ្ងៃទី២៨-៣០ ខែកញ្ញា ត្រូវបានលើកពេលទៅខែតុលា

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួ​ងការពារ​ជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់នៅល្ងាចថ្ងៃទី២៦ ខែកញ្ញានេះថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ ដែលគ្រោងធ្វើនៅថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវបានលើកពេលទៅខែតុលា ឆ្នាំ២០២៥វិញ ដោយសារខាង​ភាគីថៃ មានការកែសម្រួល និងផ្លាស់ប្តូរថ្នាក់ដឹកនាំកងទ័ពភូមិភាគរបស់ខ្លួន នេះបើយោងតាមការជូនដំណឹងពីភាគីថៃ។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្តថា យោធភូមិភាគទី៤កម្ពុជា នឹង​បន្ត​សម្របសម្រួលជាមួយភាគីថៃក្នុងការរៀបចំកិច្ចប្រជុំខាងលើឱ្យបាន​ឆាប់រហ័ស ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរជំរុញការបន្តអនុវត្តបទឈប់​បាញ់​ឱ្យ​បានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែង​រកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរ​ភាព​រវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើង​វិញ៕
ដោយ៖ពលជ័យ

ads banner