រុស្ស៊ី ថា សង្គ្រាមនឹងផ្ទុះភ្លាម បើប្រទេសណាតូ ហ៊ានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់ខ្លួន
មូស្គូ ៖ លោក Aleksey Meshkov បេសកជនរបស់រុស្ស៊ី ប្រចាំនៅទីក្រុងប៉ារីស បានអះអាងថា សង្គ្រាមនឹងផ្ទុះឡើងភ្លាម ឲ្យតែប្រទេសណាតូ មួយណា ហ៊ានបាញ់យន្តហោះចម្បាំង របស់រុស្ស៊ី នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន RT កាលពីថ្ងៃទី២៥ ខែកញ្ញា។
ការអះអាងនេះ បានធ្វើឡើង បន្ទាប់ពីប្រទេស អេស្តូនី បានអះអាងថា យន្តហោះយោធារុស្ស៊ីបានរំលោភលើដែនអាកាសរបស់ខ្លួន ហើយ ប្រទេសប៉ូឡូញបានចោទប្រកាន់ថា យន្តហោះគ្មានមនុស្សបើករុស្ស៊ីជាច្រើនគ្រឿង បានចូលទឹកដីរបស់ខ្លួន។
បើទោះបីជា រឿងទាំងនេះ ត្រូវបានទីក្រុងម៉ូស្គូ បដិសេធចោល ក៏ដោយ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte កាលពីថ្ងៃអង្គារ បានថ្លែងគាំទ្រ ឲ្យមានការបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី ប្រសិនបើគិតថា បំពានដែនអាកាស របស់ប្លុកណាតូ។
ឆ្លើយតបនឹងរឿងនេះ លោក Meshkov បានប្រាប់ស្ថានីយវិទ្យុ RTL របស់ប្រទេសបារាំង កាលពីថ្ងៃព្រហស្បតិ៍ថា ទង្វើនេះ មានន័យថា ជាសង្គ្រាម ហើយ។ លោកក៏បានទទូចថា រដ្ឋសមាជិកណាតូ បានបរាជ័យ ក្នុងការផលិតភស្តុតាង ដើម្បីគាំទ្រ ការចោទប្រកាន់ របស់ពួកគេ មកលើរុស្ស៊ី។
អ្នកកាទូតរុស្ស៊ី រូបនេះ ក៏បានអះអាងដែរថា យន្តហោះជាច្រើនគ្រឿង របស់យោធាណាតូ ក៏ធ្លាប់ហោះដោយចៃដន្យ លើដែនអាកាសរបស់រុស្ស៊ីដែរ តែ គ្មាននរណាម្នាក់បាញ់ទម្លាក់យន្តហោះទាំងនោះទេ។
កាលពីថ្ងៃពុធ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានច្រានចោលការអះអាងស្រដៀងគ្នា អំពីការលុកលុយ ដោយយន្តហោះចម្បាំងរុស្ស៊ី ចូលទៅក្នុងដែនអាកាស អេស្តូនី ថាជា “ការញុះញង់” ដែល “គ្មានមូលដ្ឋាន ច្បាស់លាស់”។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា យន្តហោះចម្បាំង MiG-31 ចំនួនបីគ្រឿង បានហោះហើរ ដូចសព្វមួយដង ពីលើដែនទឹកអព្យាក្រឹត នៃ សមុទ្របាល់ទិក៕
ប្រភពពី RT ប្រែសម្រួល៖ សារ៉ាត