ស្ទង់មតិថ្មី ៖ យុវជនជប៉ុនជិតពាក់កណ្តាល មិនដែរផឹកស្រា

តូក្យូ ៖ ស្ទើរតែ៤៤ភាគរយ នៃជនជាតិជប៉ុន ក្នុងវ័យ២០ឆ្នាំ មិនដែរផឹកស្រា ហើយ ១៦ភាគរយ ផឹកតិចជាងម្តង ក្នុងមួយខែ នេះបើយោងតាមការស្ទង់មតិថ្មីមួយ របស់ក្រុមហ៊ុនប្រឹក្សាទីផ្សារ Mery Co ដែលមានមូលដ្ឋាន នៅទីក្រុងតូក្យូ និងចុះផ្សាយបន្ត ដោយទីភ្នាក់ងារព័ត៌មានព័ត៌មាន South China Moring Post នាពេលថ្មីៗនេះ។

របាយការណ៍រកឃើញថា មូលហេតុដែលនាំឲ្យពួកគេបោះបង់ស្រាចោល គឺ បណ្តាលមកពីទម្លាប់ នៃសម័យជំងឺរាតត្បាត, ការកើនឡើងថ្លៃស្រា និងការវិវត្ត នៃអាកប្បកិរិយា លើការងារ និង សុខុមាលភាព ជាដើម។

នៅពេលសួរថា ហេតុអ្វីបានជាពួកគេ ជៀសវាងគ្រឿងស្រវឹង? ៣៤ ភាគរយ នៃអ្នកឆ្លើយសំណួរ វ័យក្មេង នៅក្នុងការស្ទង់មតិ បាននិយាយថា ពួកគេមិនមានហេតុផលជាក់លាក់ នោះទេ។ ប្រហែល ២៤ភាគរយ បានលើកឡើងថា ផឹកស្រាមិនបាន ឬ បើផឹក មានបញ្ហាសុខភាពភ្លាម។

២២.៦ ភាគរយ បាននិយាយថា ពួកគេអាចមានភាពសប្បាយរីករាយជាង ពេលមិនផឹកស្រា។ ២១,៦ ភាគរយ និយាយថា ពួកគេមិនចូលចិត្ត រសជាតិ ស្រានោះទេ។ ក្រៅពីនេះ ក៏មានលើកឡើងពីការព្រួយបារម្ភអំពីសុខភាព ១៨ភាគរយ ខណៈដែល ១០ភាគរយ និយាយថា ការផឹកស្រា គឺ មិនអាចទទួលយកបាន ហើយ ៧ភាគរយ កត់សម្គាល់ថា មិត្តភក្តិរបស់ពួកគេ មិនផឹកស្រា ដូច្នេះ ត្រូវសម្របតាម។

ការចេញផ្សាយ របាយការណ៍នេះ ស្របពេលដែលក្រុមហ៊ុនផលិតស្រាបៀរសំខាន់ៗនៅជប៉ុន បានអះអាងថា កាលពីខែសីហា ឆ្នាំ២០២៥ ការផឹកស្រាបៀរបានធ្លាក់ចុះ ៩ភាគរយ បើធៀបនឹងខែសីហា ឆ្នាំមុន ហើយក៏ជាខែទី៥ ជាប់ៗគ្នា នៃការថយចុះ។

ការធ្លាក់ចុះនេះ បានប្រឈមនឹងការជឿជាក់ ដ៏យូរអង្វែង ដែលគេធ្លាប់តែជឿថា ការលក់កើនឡើងកំឡុងរដូវក្តៅ ដោយសារតែ ជាទូទៅ ប្រជាជនជប៉ុន ផឹកស្រា ស្វែងរកការធូរស្រាលពីកំដៅ។

រីឯ អ្នកវិភាគឧស្សាហកម្ម បាននិយាយថា សីតុណ្ហភាពក្តៅខ្លាំង ក្នុងឆ្នាំនេះ ទំនងជារារាំងមនុស្ស មិនឱ្យចេញទៅក្រៅ នៅពេលល្ងាច ខណៈពេលដែលការផឹក នៅផ្ទះ ក៏ធ្លាក់ចុះ ផងដែរ។

ជាមួយគ្នានេះ ក្រុមអ្នកសង្កេតការណ៍ មើលឃើញថា ឧស្សាហកម្មស្រាជប៉ុន កំពុងប្រឈមមុខនឹងការកែទម្រង់ជំនាន់ រយៈពេលវែង៕

ប្រភពពី South China Moring Post , ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner