UN សរសើរអូស្ត្រាលី ដែលបង្កើតច្បាប់មិនឱ្យកុមារលេងបណ្តាញសង្គម
អ.ស.ប ៖ ច្បាប់អូស្ត្រាលី ហាមប្រាមប្រព័ន្ធផ្សព្វផ្សាយសង្គម សម្រាប់កុមារ បានទាក់ទាញការកោតសរសើរ នៅឯអង្គការសហប្រជាជាតិ ហៅកាត់ UN កាលពីពេលថ្មីៗនេះ។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានផ្សព្វផ្សាយ ការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់ក្មេងជំទង់ដំបូងបង្អស់ របស់រដ្ឋាភិបាលលោក អំឡុងព្រឹត្តិការណ៍រៀបចំឡើង ក្នុងទីក្រុងញូវយ៉ក ដោយព្រមានថា បញ្ហាប្រឈម ដែលបង្កឡើងដោយប្រព័ន្ធផ្សព្វផ្សាយសង្គម សម្រាប់កុមារ គឺ “មានការវិវត្តឥតឈប់ឈរ”។
រដ្ឋាភិបាលនានា និង ក្រុមហ៊ុនបច្ចេកវិទ្យា កំពុងឃ្លាំមើល យ៉ាងដិតដល់ នូវកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសអូស្ត្រាលី ក្នុងការក្លាយជាប្រទេសដំបូងគេ ដែលរារាំងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម សម្រាប់អ្នកដែលមានអាយុក្រោម ១៦ឆ្នាំ ដោយចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០២៥នេះ។
នៅឯព្រឹត្តិការណ៍របស់ UN ស្តីពីការពារកុមារ ក្នុងយុគសម័យឌីជីថល ខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ លោក Albanese បាននិយាយថា «វាមិនមែនជាការល្ងីល្ងើទេ ប៉ុន្តែ វាគឺជាជំហានដ៏សំខាន់ ក្នុងទិសដៅត្រឹមត្រូវ»។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និយាយថា អូស្ត្រាលីបានផ្តល់ជាគំរូ សម្រាប់ប្រទេសនានា។ លោកស្រី បញ្ជាក់ថា «អឺរ៉ុបកំពុងរៀនពីអូស្ត្រាលី ហើយយើងនឹងឈានទៅមុខ សម្រាប់មនុស្សជំនាន់ក្រោយ»។
គួរឲ្យដឹងថា រដ្ឋាភិបាលកណ្តាលឆ្វេង របស់លោក Albanese បានស្នើច្បាប់នេះឡើង តាំងពីឆ្នាំ២០២៤ ដោយផ្អែកលើការស្រាវជ្រាវ បង្ហាញពីគ្រោះថ្នាក់ ដល់សុខភាពផ្លូវចិត្ត ពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមច្រើនពេក ក្នុងចំណោមយុវវ័យ រួមទាំង ព័ត៌មានមិនពិត , ការគំរាមកំហែង និងបញ្ហាគ្រោះថ្នាក់ផ្សេងៗទៀត ជាដើម៕
ប្រភពពី រយធឺ ប្រែសម្រួល ៖ សារ៉ាត