ណាតូសម្ងែងសាច់ដុំយោធា ខណៈប្រឈមមុខនឹងការគំរាមរបស់រុស្សី
ព្រុចសែល ៖ អង្គការណាតូបានសម្ងែងសាច់ដុំនៅសមុទ្រខាងជើងក្នុងសប្តាហ៍នេះ ដែលវាជាការបង្ហាញកម្លាំងយោធាទ្រង់ទ្រាយធំ ចាប់តាំងពីរុស្ស៊ីត្រូវបានគេរាយការណ៍ថា បានសាកល្បងសមត្ថភាពការពារខ្លួនរបស់សម្ព័ន្ធមិត្តយោធាមួយនេះនៅប៉ែកខាងកើត។
យន្តហោះចម្បាំង F-18 បានចតតម្រៀបគ្នាជាជួរនៅលើនាវាផ្ទុកយន្តហោះធំបំផុតរបស់ពិភពលោក អមដោយនាវាចំនួន ២០គ្រឿង និងមានបុគ្គលិកយោធាប្រហែល ១០.០០០នាក់មកពី ១៣ប្រទេស។
នាវាពិឃាតអាមេរិក រួមជាមួយនាវាចម្បាំងបារាំង និងដាណឺម៉ាក បានអមដំណើរនាវាខ្នាតយក្ស USS Gerald R. Ford នៅលើផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយ ដែលជាផ្នែកនៃសមយុទ្ធ Neptune Strike 25-3 របស់អង្គការណាតូ។
ជាមួយគ្នានេះ យន្តហោះចម្បាំងបំបាំងកាយ F-35 និង F-18 បានហោះឆ្វែលពីលើ ក្នុងទម្រង់ជាគ្រាប់ពេជ្រនៅពីក្រោយយន្តហោះ E-2 Hawkeye ដើម្បីជាការបង្ហាញសមត្ថភាព និង ការសាកល្បងការសម្របសម្រួលរបស់ពួកវា នៅពេលមានភាពតានតឹងខ្លាំងជាមួយរុស្ស៊ី។
ការសម្ងែងសាច់ដុំរបស់អង្គការណាតូនៅសមុទ្រខាងជើង ត្រូវបានធ្វើឡើងបន្ទាប់ពីក្រសួងការពារជាតិអាល្លឺម៉ង់ បានរាយការណ៍ថា យន្តហោះឈ្លបយកការណ៍រុស្ស៊ីបានហោះ ៣ដងលើនាវាចម្បាំងអាល្លឺម៉ង់ Hamburg នៅរយៈកម្ពស់ទាបបំផុតក្នុងសមុទ្របាល់ទិក កាលពីថ្ងៃទី២១ ខែកញ្ញា។ ភ្លាមៗ អ្នកនាំពាក្យក្រសួងការពារជាតិអាល្លឺម៉ង់ចាត់ទុកទង្វើនេះថា គ្មានវិជ្ជាជីវៈ និងមិនសហការ។
ចំណែកដាណាម៉ាកក៏បានរាយការណ៍ពីវត្តមានយន្តហោះដ្រូនខ្នាតធំចំនួន ៣ ឬ ៤គ្រឿង ដែលបានហោះពីលើអាកាសយានដ្ឋាននៅទីក្រុងកូប៉ិនហាក់ ដោយពួកវាបានរំខានដល់ធ្វើចរាចរណ៍ផ្លូវអាកាស។ ទន្ទឹមគ្នា នាយករដ្ឋមន្រ្តីដាណឺម៉ាក លោកស្រី Mette Frederiksen បានព្រមានពីការវាយប្រហារកូនកាត់ ឬ Hybrid attacks ដែលអាចកើនឡើងខ្លាំងទៅៗ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា


