តួកគីទិញយន្តហោះ Boeing ជាង ២០០គ្រឿង
អង់ការ៉ា ៖ ក្រុមហ៊ុនអាកាសចរណ៍តួកគី ដែលជាក្រុមហ៊ុនដឹកជញ្ជូនរដ្ឋរបស់ប្រទេសតួកគី បានប្រកាសថា ខ្លួនទើបតែបានសម្រេចកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតយន្តហោះ Boeing របស់អាមេរិក ដើម្បីទិញយន្តហោះចំនួន ២២៥គ្រឿង។
ការប្រកាសនេះកើតឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានជួបជាមួយមេដឹកនាំអាមេរិក លោក Donald Trump ហើយបានពិភាក្សាគ្នាពីកិច្ចព្រមព្រៀងទិញលក់យន្តហោះអំឡុងពេលនោះ។
តាមរយៈកិច្ចព្រមព្រៀងនេះ តួកគីបានបញ្ជាទិញយន្តហោះប៊ូអ៊ីង B787-9 Dreamliner ចំនួន ៧៥គ្រឿង និង B787-10 Dreamliner ចំនួន ៥០គ្រឿង ព្រមទាំង២៥គ្រឿងទៀតស្ថិតក្នុងការពិចារណា ហើយការចែកចាយយន្តហោះគ្រោងធ្វើឡើងនៅចន្លោះឆ្នាំ ២០២៩ ដល់ឆ្នាំ ២០៣៤។
ទន្ទឹមគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍តួកគីក៏បានឱ្យដឹងដែរថា ការចរចាជាមួយក្រុមហ៊ុន Rolls-Royce និង GE Aerospace នៅតែបន្ត ដើម្បីស្វែងរកការផ្គត់ផ្គង់គ្រឿងម៉ាស៊ីន គ្រឿងបន្លាស់ និងសេវាកម្មថែទាំយន្តហោះទាំងនោះ។
ដោយឡែក ក្រុមហ៊ុនអាកាសចរណ៍តួកគីក៏ទើបតែបានបញ្ចប់កិច្ចពិភាក្សាជាមួយក្រុមហ៊ុន Boeing ជុំវិញការបញ្ជាទិញយន្តហោះ B737-8 MAX ចំនួន ១៥០គ្រឿង និង B737-10 MAX ចំនួន ១០០គ្រឿង និង៥០គ្រឿងទៀតស្ថិតក្នុងការពិចារណា៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា
