ជិតមួយពាន់គ្រួសារដែលរងគ្រោះដោយទឹកជំនន់នៅមណ្ឌលគីរីបានទទួលអំណោយសង្រ្គោះបន្ទាន់ពីកាកបាទក្រហមកម្ពុជា
មណ្ឌលគិរី៖ ប្រជាពលរដ្ឋគ្រោះដោយទឹកជំនន់៩៥០គ្រួសារ នៅស្រុកកោះញែក និងស្រុកកែវសីមានៃខេត្តមណ្ឌលគិរីទទួល បានអំណោយសង្គ្រោះបន្ទាន់ពីកាកបាទក្រហមកម្ពុជា។
សូមជម្រាបថា អំណោយសង្រ្គោះបន្ទាន់ត្រូវបានចែកជូនរយៈពេល២ថ្ងៃជាប់គ្នាគឺនៅ ថ្ងៃទី២៧ និងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមវត្តមានលោកវេជ្ជបណ្ឌិត អ៊ុយ សំអុននាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា , អ្នកឧកញ៉ា អ៊ឹង ស៊ីតាតវីរៈ ប្រធានកិត្តិយសសាខា និងឯកឧត្តម ថង សាវុនប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដែលបានធ្វើឡើងនៅទីតាំងបីផ្សេងៗគ្នា។ក្នុងនេះ ១-ក្នុងបរិវេណវិទ្យាល័យ ហ៊ុនសែន កោះញែក ស្ថិតក្នុងភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែកជូនប្រជាជនរងគ្រោះ ៥០១គ្រួសារ មកពីឃុំស្រែសង្គម ឃុំស្រែហ៊ុយ និងឃុំរយ៉ ,២-អនុវិទ្យាល័យសុខសាន្ត នៃភូមិទួល ឃុំអបួនលើ ស្រុកកោះញែក ជូនប្រជាជនរងគ្រោះ២៩០គ្រួសារ មកពីឃុំអបួនលើ និងឃុំសុខសាន្ត និង៣-វិទ្យាល័យមេម៉ង់ ជូនប្រជាជនរងគ្រោះ ១៥៩គ្រួសារ មកពីឃុំមេម៉ង់ ស្រុកកែវសីមា ។
គ្រួសាររងគ្រោះនីមួយៗទទួលបាន អង្ករ ៣០គីឡូក្រាម, មីមួយកេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវប្រាំមួយដប, ប្រេងឆាមួយដប, ម្សៅសាប៊ូមួយកញ្ចប់ និងឃីតមួយកញ្ចប់(មុង ភួយ សារុង ក្រមា)។
អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីឯកឧត្តម ថង សាវុន បានបញ្ជាក់ថា ជំនន់ទឹកភ្លៀងដែលបានកើតឡើងនៅខេត្តមណ្ឌលគិរី បានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណមួយពាន់គ្រួសារ ,សត្វពាហនៈមួយចំនួនបានងាប់ ដំណាំ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅស្រុកកោះញែក និងស្រុកកែវសីមា បានរងការខូចខាតតែមិនបណ្តាលឱ្យមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។
ក្នុងឱកាសនេះលោកវេជ្ជបណ្ឌិត អ៊ុយ សំអុន បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេស្រែពកសូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀង និងស្វែងរកទីទួលមានសុវត្ថិភាពជាបណ្តោះអាសន្ន។ទន្ទឹមនេះអាជ្ញាធរមូលដ្ឋាន នៅតែបន្តចាំជួយជម្លៀសប្រជាពលរដ្ឋនៅពេលមានហេតុការណ៍អាក្រក់កើតឡើង៕
ដោយ៖ឡុង សំបូរ







