វិមានក្រឹមឡាំងថា លោក Putin ត្រៀមជួបលោក Trump នៅទីក្រុងមូស្គូ
មូស្គូ ៖ វិមានក្រឹមឡាំងនិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មានឆន្ទៈជួបជាមួយមេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុងមូស្គូ ប៉ុន្តែការសម្រេចចិត្តស្ថិតនៅលើខាងភាគីសហរដ្ឋអាមេរិកប៉ុណ្ណោះ។ ភ្លាមៗទីក្រុងវ៉ាស៊ីនតោននៅមិនទាន់ឆ្លើយតបនៅឡើយទេ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS កាលពីថ្ងៃអាទិត្យថា ការអញ្ជើញរបស់លោកប្រធានាធិបតី ពូទីន ទៅកាន់លោកប្រធានាធិបតី ត្រាំ ឱ្យមកបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ នៅតែមាននៅលើតុ។
លោកថា ជាមួយគ្នានេះ លោកប្រធានាធិបតី ពូទីន បានត្រៀមខ្លួនរួចជាស្រេច និង មានឆន្ទៈក្នុងការរៀបចំកិច្ចប្រជុំជាមួយលោកប្រធានាធិបតី Trump នៅទីក្រុងមូស្គូ។ ហើយអ្វីៗគ្រប់យ៉ាង គឺអាស្រ័យលើការសម្រេចចិត្តរបស់ប្រធានាធិបតី ត្រាំ ផ្ទាល់។
នៅក្នុងខែសីហា បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់ប្រមុខរដ្ឋទាំងពីរនៅរដ្ឋអាឡាស្កា លោកប្រធានាធិបតី ពូទីន បានស្នើឱ្យមានកិច្ចប្រជុំបន្ទាប់របស់ពួកលោកសាជាថ្មីទៀតនៅទីក្រុងមូស្គូ។
ទន្ទឹមគ្នា មេដឹកនាំអាមេរិកបានពណ៌នាសំណើនេះថា ជារឿងអាចទៅរួច ទោះបីជាគាត់បានទទួលស្គាល់ថា គាត់នឹងត្រូវប្រឈមមុខនូវការរិះគន់ពីសំណាក់សម្ព័ន្ធមិត្ត ពាក់ព័ន្ធនឹងការសម្រេចចិត្តធ្វើបែបនេះក៏ដោយ៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា


