អគ្គនាយកស៊ីម៉ាក់ពន្យល់ប្រាប់អំពីប្រភេទគ្រាប់បែកទម្លាក់ពីយន្តហោះ ឬគ្រាប់បាញ់ផ្លោងពីសម័យសង្គ្រាមមុនៗ ឬក៏ជាប្រភេទក្នុង សង្គ្រាមតាមព្រំដែនថ្មីៗនេះ

(ភ្នំពេញ)៖ ដើម្បីបំភ្លឺកាន់តែច្បាស់អំពីគ្រាប់បែកទម្លាក់ពីយន្តហោះ ឬគ្រាប់បាញ់ផ្លោងពីសម័យសង្គ្រាមមុនៗ ឬក៏ជាប្រភេទគ្រាប់បែកទម្លាក់ពីយន្តហោះឬគ្រាប់បាញ់ផ្លោងក្នុងសង្គ្រាមតាមព្រំដែនថ្មីៗនេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ស៊ីម៉ាក់ (CMAC) បានគូសបញ្ជាក់បន្ថែម សំដៅធ្វើយ៉ាងណាឱ្យបានដឹង ចៀសវាងការប្រកែក ឬចោទប្រកាន់មកលើកម្ពុជា ដោយប្រការណាមួយ ពិសេសដែលគេដឹងនោះភាគីថៃ ដែលជាអ្នកប្រព្រឹត្តិយ៉ាងយង់ឃ្នងមកលើកម្ពុជា នាថ្មីៗនេះផ្ទាល់តែម្តង។

ឆ្លើយតបទៅនឹងបញ្ហានេះ ឯកឧត្តម ហេង រតនា បានគូសបញ្ជាក់នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ជាថ្មីទៀតថា ៖ កន្លងមកមានអ្នកស្នើសុំខ្ញុំឱ្យជួយបកស្រាយ ដោយចោទជាសំណួរថា”ធ្វើយ៉ាងម៉េចបានដឹងថា គ្រាប់បែកទម្លាក់ពីយន្តហោះ ឬគ្រាប់បាញ់ផ្លោងពីសម័យសង្គ្រាមមុនៗ និងគ្រាប់បែកទម្លាក់ពីយន្តហោះឬគ្រាប់បាញ់ផ្លោងក្នុងសង្គ្រាមតាមព្រំដែនថ្មីៗនេះ?” ។

ឯកឧត្តម បានពន្យល់ថា សម្រាប់ចម្លើយខ្លីនោះគឺថា៖” បើផ្អែកតាមលក្ខណៈបច្ចេកទេសមានចំណុចវិភាគសំណាកជាច្រើនដែលខ្ញុំសុំមិនធ្វើការបកស្រាយលំអិតក្នុងវេទិកានេះទេ និងសុំលើកយកចំណុច សង្ខេបខ្លីមកបញ្ជាក់ជូនជ្រាបថា៖ គ្រាប់បែកទម្លាក់ពីយន្តហោះក្តី ឬគ្រាប់កាំភ្លើងធំក្តី សុទ្ធតែមានលេខកូដសម្គាល់ខែឆ្នាំផលិត ឬប្រទេស/ក្រុមហ៊ុនផលិត បន្ថែមលើនេះសម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានពង្រឹងសមត្ថភាពអង្គភាពCMAC ក្នុងការធ្វើការសិក្សាស្រាវជ្រាវព័ត៌មាននិងរៀបចំទិន្នន័យការទម្លាក់គ្រាប់បែកក្នុងសម័យសង្គ្រាមអតីតកាលបានយ៉ាងច្បាស់លាស់ ដោយមានកំណត់ត្រាព័ត៌មានពាក់ព័ន្ធការទម្លាក់គ្រាប់បែកពីយន្តហោះ ដូចជាកាលបរិច្ឆេទ ប្រភេទយន្តហោះ និងចំណុចទីតាំងនៃការទម្លាក់គ្រាប់បែកទាំងនោះផងដែរ”។

អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់បន្ថែមថា”ប្រការដូចខាងលើនេះជាលក្ខណៈបច្ចេកទេស គ្មានការយល់ច្រឡំគ្នារវាងគ្រាប់បែកទម្លាក់ពីយន្តហោះក្នុងសង្គ្រាមថ្មីៗនេះ ជាមួយគ្រាប់បែកទម្លាក់ពីយន្តហោះក្នុងសម័យសង្គ្រាមអតីតកាលឡើយ”៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner