ឯកឧត្តម វ៉ាត់ ចំរើន ៖ ការផ្សព្វផ្សាយបញ្ជ្រាបចំណេះដឹងអំពីសារធាតុញៀន និងប៉ូវកម្លាំងដល់កីឡាករវ័យក្មេងគឺជារឿងសំខាន់
(ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា បានលើកឡើងថា ការផ្សព្វផ្សាយបញ្ជ្រាបនូវចំណេះដឹងអំពីសារធាតុញៀន និងសារធាតុប៉ូវកម្លាំង ដែលត្រូវបានហាមឃាត់ក្នុងវិស័យកីឡា(សារធាតុដូប៉ា)ដល់កីឡាករកីឡាការិនីវ័យក្មេងពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាជាការអប់រំផ្សព្វផ្សាយដែលបានផ្តល់ចំណេះដឹងគ្រប់កីឡាករកីឡាការិនីជម្រើសជាតិ ព្រមទាំងមន្រ្តីសហព័ន្ធ ដើម្បីយល់ដឹងកាន់តែច្បាស់អ្វីទៅហៅថាជាសារធាតុញៀន និងប៉ូវកម្លាំង ដែលជាបំរាមហាមឃាត់របស់អង្គការវ៉ាដារបស់ពិភពលោក។
ការគូសបញ្ជាក់ របស់ រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា ឯកឧត្តម វ៉ាត់ ចំរើន ក្នុងសិក្ខាសាលា ស្តីពីការធ្វើតេស្តក្នុងព្រឹត្តិការណ៍កីឡាប្រកួតអន្តរជាតិដល់អត្តពលជាអនិតិជនរបស់ទីភ្នាក់ងារប្រឆាំងសារធាតុដូប៉ាកម្ពុជានៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែ កញ្ញា ឆ្នាំ២០២៥។
ឯកឧត្តម រដ្ឋលេខាធិការ បានអះអាងទៀតថា សម្រាប់សិក្ខាសាលាដែលទីភ្នាក់ងារប្រឆាំងសារធាតុដូប៉ាកម្ពុជារៀបចំឡើងនេះ មានគោលបំណងផ្តល់ចំណេះដឹងដល់កីឡាករកីឡាការិជម្រើសជាអនិតិជន និងមន្រ្តីសហព័ន្ធនិងគ្រូបង្វឹកដែលមានតួនាទីចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ីនៅប្រទេសប៉ារ៉ែនក្នុងពាក់កណ្តាលខែ តុលា ខាងមុខនេះ។
ឯកឧត្តម វ៉ាត់ ចំរើន រំលេចថា ចំណេះដឹងពាក់ព័ន្ធនិងសារធាតុញៀន និងសារធាតុលើកម្លាំងហាមឃាត់ក្នុងវិស័យកីឡានេះ គឺជាការផ្តល់នូវចំណេះដឹង ដើម្បីសម្រួលនូវឥរិយាបទកីឡាករកីឡាការិនីត្រៀមខ្លួនជាស្រេចក្នុងការចូលរួមធ្វើតេស្តជាមួយទីភ្នាក់ងារប្រឆាំងដូពីងពិភពលោកក្នុងព្រឹត្តិការណ៍យុវជនអាស៊ីមុនប្រកួតនិងក្រោយប្រកួត។
ក្នុងសិក្ខាសាលានេះ អ្នកជំនាញប្រចាំ CADA នឹងអប់រំលម្អិតពីកាតព្វកិច្ចរបស់អត្តពលិកវ័យក្មេងបានយល់ដឹង និងអនុវត្តប្រកបដោយប្រសិទ្ធភាព ព្រោះពាក់ព័ន្ធនឹងកិត្តិយសកីឡាករកីឡាការិនី និងប្រទេសជាតិតែម្ដង។
ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ២០២៥ នៅប្រទេសបារ៉ែន នឹងប្រព្រឹត្តទៅពីថ្ងៃទី២២ដល់ថ្ងៃទី៣១ ខែតុលា នាក្រុង Manama។ ក្នុងនោះ កម្ពុជាត្រៀមបញ្ជូនប្រតិភូ គ្រូបង្វឹក និងអត្តពលិកប្រមាណ ១៥០នាក់ប្រកួតប្រជែងលើ១៣ប្រភេទកីឡា។ ទន្ទឹមនឹងនេះ ប្រតិភូកម្ពុជាក្នុងនាមម្ចាស់ផ្ទះឆ្នាំ២០២៩ នឹងទទួលទង់ព្រឹត្តិការណ៍បន្តពីម្ចាស់ផ្ទះបារ៉ែន ៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ






