សម្ដេចតេជោ ហ៊ុន សែន ថា នឹងរៀបចំឲ្យមានសមាគមអតីតយុទ្ធជន និងនិវត្តជននៅតាមស្ថាប័នទាំងអស់

(ភ្នំពេញ)៖ ដើម្បីកុំឲ្យពួកគាត់ឃ្លាតឆ្ងាយ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងថា សម្ដេចនឹងរៀបចំសមាគមអតីតយុទ្ធជន និងនិវត្តជន នៅតាមស្ថាប័នទាំងអស់ ដើម្បីកុំឲ្យពួកគាត់ឃ្លាតឆ្ងាយ ព្រោះពួកគាត់ បានបំពេញការងារជាច្រើនមុនចូលនិវត្ត ។

ការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកគណៈអចិន្ត្រៃយ៍ ថ្នាក់ដឹកនាំ សមាជិកសមាជិកាជាតំណាងអតីតយុទ្ធជន និងនិវត្តជនគ្រប់ប្រភេទ ព្រមទាំងភ្ញៀវកិត្តិយស សរុបប្រមាណ ៤០០នាក់ ។

សម្តេចតេជោ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ចំពោះអតីតយុទ្ធជន និងបានដាក់ចេញនូវគោលនយោបាយនានា ដើម្បីគុណប្រយោជន៍របស់អតីតយុទ្ធជន ការកែលម្អជីវភាពអតីតយុទ្ធជន និងក្រុមគ្រួសារសព អតីតយុទ្ធជន ។ សម្តេច បន្ដថា អតីតយុទ្ធជន និងនិវត្តជន បានដាក់ក្នុងក្រោមដំបូលសមាគមតែមួយ គឺពិតជាល្អខ្លាំងណាស់ ដើម្បីកុំឲ្យពួកគាត់ឃ្លាតឆ្ងាយ ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា តាមស្ថាប័ននានាមិនទាន់ធ្លាប់មានសមាគមអតីតយុទ្ធជន យើងនឹងរៀបចំសមាគមអតីតយុទ្ធជន និងនិវត្តជននៅតាមស្ថាប័នទាំងអស់ ដើម្បីកុំឲ្យពួកគាត់ឃ្លាតឆ្ងាយពីយើង នៅពេលដែលគាត់ប្រឹងប្រែងការងារ ។ សម្តេច ថា នេះជាការបញ្ជូនសារមួយយ៉ាងជាក់លាក់ទៅនិវត្តជនទាំងអស់ ឲ្យបានឃើញអំពីការដែលខ្លួននឹងត្រូវក្លាយជាសមាជិកអតីតយុទ្ធជន និងនិវត្តជន នាពេលខាងមុខនេះ ។

សម្តេចប្រមុខរដ្ឋស្តីទី បានមានប្រសាសន៍បញ្ជាក់ថា សមាគមអតីតយុទ្ធជនកម្ពុជា ដែលបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចផ្ទាល់ កាលពី ១៨ឆ្នាំមុន បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែងគិតគូរដល់អតីតយុទ្ធជនកម្ពុជា ដែលបានជួយពង្រឹងពង្រីកតួនាទីរបស់សមាគមអតីតយុទ្ធជន ។

សម្តេចតេជោ ក៏បានរំលេចពីគុណបំណាច់អតីតយុទ្ធថា ដួងព្រលឹងអតីតយុទ្ធជនទាំងអស់ ដែលបានពលីសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ នឹងតាមថែរក្សាការពារប្រជាជនកម្ពុជាជំនាន់ក្រោយ ៕

អត្ថបទ ៖ វណ្ណលុក
រូប ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner