រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអាស៊ាន

ភ្នំពេញ៖ នៅទីក្រុងម៉ាឡាកា ប្រទេសម៉ាឡេស៊ីក្នុងឱកាសអញ្ជើញចូលរួមក្នុង​កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរណ៍​អាស៊ាន និងសន្និសីទ​ទេសចរណ៍ពិភពលោក, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានជួប​ពិភាក្សា​ការងារជាមួយ​​ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ។

ជំនួបទ្វេភាគីដែលបានប្រព្រឹត្តទៅកាលពីចុងសប្ដាហ៍កន្លងទៅនេះបានផ្តោតលើតួនាទី និងការចូលរួមរបស់កម្ពុជា​នៅក្នុងការអភិវឌ្ឍវិស័យទេសចរណ៍អាស៊ានដែលសម្រេចបាននាពេលកន្លងមក, ការជំរុញការអភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយនិរន្តភាព, ការលើកកម្ពស់សមត្ថភាពកម្លាំងពលកម្មនៅក្នុងវិស័យទេសចរណ៍ និងការបង្កើនគុណភាព​ទេសចរណ៍នៅក្នុងតំបន់។

មន្រ្តីក្រុមការងារបានបញ្ជាក់ថា ជម្រាបឯកឧត្តមអគ្គលេខាធិការ​អាស៊ាន​,ឯកឧត្តមរដ្ឋមន្ត្រីបានគូសរំលេច​អំពីកត្តា​សុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍ គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិមួយដ៏សំខាន់។

ក្នុងឱកាសដដែលនេះឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនឯកឧត្តមបណ្ឌិតអគ្គលេខាធិការដែរថា នៅមុនជំនួបនេះ​ប៉ុន្មាន​ម៉ោង (ថ្ងៃទី២៧ ខែកញ្ញា) ដោយយោងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា មានករណី​ផ្ទុះអាវុធដែលចាប់ផ្តើមពីយោធាថៃមកលើទីតាំងកងកម្លាំងកម្ពុជានៅតំបន់អានសេះ ចំនួន ២លើក។ នៅក្នុង​ហេតុការណ៍​នេះ កងកម្លាំងកម្ពុជា មិនបានតបតឡើយ និងអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា ថៃ ដែល​ចូល​ជាធរមាននៅម៉ោង ២៤:០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានពេញលេញ និងខ្ជាប់ខ្ជួន។ ភាគីកម្ពុជាបាន​អំពាវនាវឱ្យភាគីថៃអនុវត្ត និងគោរពឱ្យបានម៉ឺងម៉ាត់ដូចគ្នាដោយស្មារតីស្ថាបនា និងស្មោះត្រង់។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍, តបតាមការស្នើសុំរបស់កម្ពុជា, លេខាធិការដ្ឋានអាស៊ាននឹង​បន្ត​កិច្ច​​សហការជិតស្និទ្ធ និងគាំទ្រកម្ពុជាលើគំនិតផ្តួចផ្តើមមួយចំនួនដូចជា ការរៀបចំគោលការណ៍ណែនាំ​អាស៊ាន​ពាក់ព័ន្ធនឹងអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍, ធុរកិច្ចទេសចរណ៍បៃតង, មូលនិធិទេសចរណ៍បៃតងអាស៊ាន, គោលការណ៍ណែនាំអនាម័យនិងសុវត្ថិភាព និងជំរុញកិច្ចសហការជាមួយដៃគូរអាស៊ានក្នុងការលើកកម្ពស់ទេសចរណ៍​ប្រកប​ដោយ​និរន្តរភាព និងទទួលខុសត្រូវ ៕

ដោយ៖ស្រីរុំ

អួន ស្រីរុំ
អួន ស្រីរុំ
ជាអ្នកយកព័ត៌មានជាតិ សម្រួលអត្ថបទព័ត៌មាន បញ្ជូលសម្លេង កាត់តសម្លេង និងផលិតបទយកការណ៍។ មានបទពិសោធន៍ច្រើនឆ្នាំ នៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា ព្រមទាំងមានទំនាក់ទំនងល្អជាមួយក្រុមការងារផងដែរ។
ads banner
ads banner
ads banner