ក្រសួងប្រៃសណីយ៍ នឹងរៀបចំ “វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ” នៅដើមខែធ្នូ ក្រោមប្រធានបទ “ការពន្លឿនអនាគតឌីជីថល ៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល”

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់ក្រុមហ៊ុន សិស្ស និស្សិត និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ក.ប.ទ. នឹងរៀបចំ “វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-៧ ខែធ្នូ ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ក្រោមប្រធានបទ “ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល” ក្នុងគោលបំណង ១) បង្ហាញអំពីដំណើរវិវឌ្ឍន៍នៃអភិបាលកិច្ចឌីជីថលនៅកម្ពុជា ២) ជំរុញឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជាលើវិស័យឌីជីថលក្នុងតំបន់អាស៊ាន ៣) លើកកម្ពស់កិច្ចសហប្រតិបត្តិការនិងភាពជាដៃគូ និង ៤) ចែករំលែកនវានុវត្តន៍ឌីជីថលរបស់រដ្ឋាភិបាល និងវិស័យឯកជន។

វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍បច្ចេកវិទ្យាឌីជីថលដ៏ធំមួយរបស់កម្ពុជាដែលត្រូវបានផ្តួចផ្តើមឡើងដោយរួមបញ្ចូលគ្នានូវ ១) វេទិកាចែករំលែកបទពិសោធពាក់ព័ន្ធនឹងដំណើរការនៃការធ្វើបរិវត្តកម្មឌីជីថល អភិបាលកិច្ចឌីជីថល និងបច្ចេកវិទ្យាឌីជីថលថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ២) ពិព័រណ៍បច្ចេកវិទ្យាឌីជីថលដែលបង្ហាញអំពីសមិទ្ធផល ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) និងដំណោះស្រាយឌីជីថលរបស់ក្រសួង ស្ថាប័ន ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល និងធុរកិច្ចថ្មីឌីជីថល និង ៣) ព្រឹត្តិការណ៍ជាតិនិងអន្តរជាតិអម (Side Event) វេទិការដ្ឋាភិបាលឌីជីថល ដែលសហការជាមួយអង្គការសហប្រជាជាតិសម្រាប់អាស៊ីនិងប៉ាស៊ីហ្វិក (UN-ESCAP) កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃសហប្រជាជាតិ (UNESCO) អង្គការយូនីសេហ្វ (UNICEF) សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) មូលនិធិសមាហរណកម្មជប៉ុន-អាស៊ាន (JAIF) និងមជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play មកពីតំបន់ Silicon Valley សហរដ្ឋអាម៉េរិកជាដើម។

ក.ប.ទ. សូមអញ្ជើញក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ប្រតិបត្តិករផ្តល់សេវាទូរគមនាគមន៍ និងធុរកិច្ចថ្មីឌីជីថល ចូលរួមពិព័រណ៍បច្ចេកវិទ្យាឌីជីថលខាងលើ ដើម្បីតាំងបង្ហាញថ្នាល ដំណោះស្រាយឌីជីថល និងបច្ចេកវិទ្យាឌីជីថលចុងក្រោយជូនដល់សាធារណជន។ ជាមួយគ្នានេះ ក.ប.ទ. សូមអញ្ជើញឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់ក្រុមហ៊ុន សិស្ស និស្សិត និងសាធារណជន ចូលរួមព្រឹត្តិការណ៍ខាងលើឱ្យបានច្រើនកុះករ ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅនូវឧត្តមានុវត្តន៍នៃការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលរបស់កម្ពុជាផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈទូរសព្ទលេខ ០៩២ ៨៨៦ ២៤២/០៩៦ ៧៧៧ ៧៥១៥ ឬអ៊ីមែល pr@dgc.gov.kh (សម្រាប់វេទិការដ្ឋាភិបាលឌីជីថល) និង 012 713 714 ឬអ៊ីមែល kamrang-eang@mptc.gov.kh (សម្រាប់ស្តង់ពិព័រណ៍ក្រុមហ៊ុនបច្ចេកវិទ្យា ប្រតិបត្តិករផ្តល់សេវាទូរគមនាគមន៍ និងធុរកិច្ចថ្មីឌីជីថល)៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner