ក្រុមប្រឹក្សាខេត្តសៀមរាបចុះស្ដាប់សំណូមពរ និងដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋនៅស្រុកពួក
សៀមរាប៖ ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៤ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល,ស្ដាប់សំណូមពរ និងដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋនៃស្រុកពួក ។

ជំនួបដែលបានប្រព្រឹត្តធ្វើក្នុងបរិវេណវត្តឥស្សរារាម ហៅ វត្តពួក ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងារក្រុមប្រឹក្សាបានមានប្រសាសន៍ថា ការងារចុះមូលដ្ឋានរបស់ “ក្រុមការងារក្រុមប្រឹក្សា” គឺជាកិច្ចការដ៏សំខាន់មួយក្នុងការធានាថាតម្រូវការនិងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋត្រូវបានទទួលស្គាល់ និងដោះស្រាយដោយអាជ្ញាធរមូលដ្ឋាន។ឯកឧត្តមបន្ថែមថាគោលបំណងស្នូលនៃការចុះមូលដ្ឋានគឺដើម្បីជួបសំណេះសំណាល និងសួរសុខទុក្ខ ,បង្កើតទំនាក់ទំនងជិតស្និទ្ធរវាងថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋដើម្បីស្វែងយល់ពីជីវភាពរស់នៅ ។

ក្នុងឱកាសនោះដែរប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរមូលដ្ឋានដែលតំណាងឱ្យប្រជាពលរដ្ឋក៍បានមានមតិអំពីបញ្ហានិងសំណូមពរមួយចំនួនដែលទាក់ទងវិស័យផ្សេងៗហើយត្រូវបានលោក លោកស្រី ប្រធាន អនុប្រធាន ឬតំណាង មន្ទីរពាក់ព័ន្ធបានធ្វើការបកស្រាយ និងពន្យល់ភ្លាមៗដែរ។

ការលើកឡើងទាក់ទងនឹងវិស័យអប់រំ ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ សុខាភិបាល រដ្ឋាករទឹក វប្បធម៌ និងវិចិត្រសិល្បៈ ការងារធម្មការនិងសាសនា ការងារវិស័យព័ត៌មាន ការងារកិច្ចការនារី ការងារសង្គមកិច្ច ជាដើម៕
ដោយ៖ប៊ុនរដ្ឋា
