មជ្ឈមណ្ឌលផលិតភាពជាតិ នៃកម្ពុជា បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីសាធារណៈពីការរចនាការងារ តាមបែបឆ្លាតវៃ
(ភ្នំពេញ)៖ មជ្ឈមណ្ឌលផលិតភាពជាតិនៃកម្ពុជា ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីសាធារណក្នុងបំរើសេវាកម្មជូនប្រជាពលរដ្ឋឲ្យមានភាពរហ័សជាងមុន បានរៀបចំវគ្គបណ្តុះបណ្តាលនេះក្រោមប្រធានបទ «ការរចនាការងារវៃឆ្លាតសម្រាប់ធ្វើឲ្យប្រសើឡើងនូវផលិតភាពក្នុងសវិស័យសាធារណៈ» ។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្រោមការចូលរួមសហការពីអង្គការ APO ដែលមានរយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគាសាន់វ៉េ ក្នុងរាជធានីភ្នំពេញ ។

លោក អ៊ុំ សេរីវុទ្ធ ប្រធានមជ្ឈមណ្ឌលផលិតភាពជាតិ បានថ្លែងថា ការអភិវឌ្ឍអ្នកជំនាញផលិតភាពក្នុងវិស័យសាធារណៈ គឺពិតជាមានសារៈសំខាន់ណាស់ ដែលមិនត្រឹមតែសម្រាប់ការកែលម្អការផ្តល់សេវាសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងបង្កើនទំនុកចិត្តសាធារណជន និងធានាថា ធនធានត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍជាតិ ។ សិក្ខាសាលា ដែលធ្វើឡើងរយៈ៨ថ្ងៃនេះ រួមមាន៥ថ្ងៃ គឺជាការសិក្សាទ្រឹស្តី និង៣ថ្ងៃទៀត នឹងចុះទៅទស្សនកិច្ចនៅមជ្ឈមណ្ឌលផលិតភាពជាតិ ក្រសួងមុខងាសាធារណ និងសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សាលើការរចនាការងារ និងការរៀបចំអង្គភាពរបស់ក្រសួង ។ អញ្ជើញធ្វើបទបង្ហាញ និងចែករំលែកចំណេះដឹងនៅក្នុងសក្ខាសាលានេះ គឺបណ្ឌិត Ali Rarazmand ជាអ្នកជំនាញការមកពីអង្គការ APO និងជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Florida សហរដ្ឋអាមេរិកផងដែរ ។

សិក្ខាកាមដែលបានចូលរួមសិក្សាក្នុងវគ្គបណ្តុះបណ្តាលនេះ ភាគច្រើន គឺជាមន្ត្រីជំនាញមកពីក្រសួង និងស្ថាប័នសាធារណៈពាក់ព័ន្ធ មានដូចជាមកពីក្រសួងឧហ្សាហកម្ម, ក្រសួងមុខងារសាធារណៈ, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងមហាផ្ទៃ, ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងមានក្រសួងផ្សេងៗទៀត សរុបមានប្រហែលប្រមាណជាង ១០ក្រសួង និងស្ថាប័ន ។ គោលបំណងមួយថែមទៀត នៃការរៀបចំវគ្គបណ្តុះបណ្តាលនេះ គឺមាន គោលដៅពង្រឹងសមត្ថភាពរបស់មន្ត្រីឲ្យយល់ពីការរចនាការងារនៅក្នុងអង្គភាពផ្ទាល់ ក៏ដូចជាការងារបម្រើសេវាសាធារណៈទៅដល់ប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរជាងមុន ស្របនឹងការរចនាការងារប្រកបដោយប្រសិទ្ធភាព ។

សូមបញ្ជាក់ថា វិស័យផលិតភាពនៅកម្ពុជា តាមរយៈមជ្ឈមណ្ឌលផលិតភាពជាតិ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានមហិច្ចតា ព្រមទាំងបានកំពុងនឹងពង្រីកខ្លួនដើម្បីភាពវិវឌ្ឍន៍ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត ពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីការទទួលស្គាល់ពីគុណភាព និងផលិតភាព នៃផលិតផលរបស់កម្ពុជាទាំងវិស័យសាធារណ និងឯកជន ឲ្យកាន់តែច្រើនឡើង នៅថ្នាក់តំបន់ និងនៅលើឆាកអន្តរជាតិ ។

កម្ពុជាដើម្បីជំរុញចលនាផលិតភាព ប្រកបដោយគុណភាព ប្រសិទ្ធភាព បានចូលជាសមាជិកអង្គការ APO តាំងពីឆ្នាំ២០០៤ ដែលទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជាការផ្តល់ចំណេះដឹងបច្ចេកទេស ការបណ្តុះបណ្តាល និងការអនុវត្តគម្រោងប្រកប ដោយនវានុវត្តន៍ ក្នុងវិស័យផលិតកម្ម សេវាកម្ម និងកសិកម្ម និងបានជំរុញចលនាផលិតភាព នៅតាមបណ្តាសហគ្រាសឯកជនជាដៃគូ ស្ថាប័ន និងក្រសួងសាធារណៈ តាមរយៈការបណ្តុះបណ្តាលពីវិធីសាស្រ្តការបង្កើនគុណភាព ផលិតភាព ប្រសិទ្ធភាពការងារ ជាដើម ៕
អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ រិន រចនា
