កាសែតអាមេរិកផ្សាយថា រដ្ឋបាលលោក ដូណាល់ ត្រាំ ប្រឈមផ្ទុះជម្លោះជាមួយចិន
វ៉ាស៊ីនតោន ៖ កាសែតអាមេរិក Wall Street Journal កាលពីថ្ងៃចន្ទ បានដកស្រង់សម្តីមន្ត្រីដែលដឹងអំពីបញ្ហាដ៏រសើបចេញផ្សាយថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងដុតដៃដុតជើងបង្កើនការផលិតមីស៊ីល ដើម្បីទុកទប់ទល់ក្នុងករណីផ្ទុះជម្លោះដ៏មានសក្តានុពលជាមួយប្រទេសចិន។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT, ឆ្លើយតបនឹងជម្លោះមិនអាចទាយទុកមុននោះ មន្ទីរបញ្ចកោណនៃក្រសួងសង្គ្រាមអាមេរិក ត្រូវបានគេរាយការណ៍ថា កំពុងជំរុញក្រុមហ៊ុនម៉ៅការការពារជាតិឱ្យបង្កើនសង្វាក់ផលិតកម្មមីស៊ីលទ្វេដង ឬស្ទុះឡើងបួនដង បើធៀបនឹងពីមុន ដោយសារព្រួយបារម្ភថាឃ្លាំងស្តុកមីស៊ីលមិនគ្រប់គ្រាន់ ក្នុងករណីផ្ទុះជម្លោះជាមួយចិន។
ប្រភពបានបង្ហើបប្រាប់កាសែត Wall Street Journal ថា ក្រសួងសង្គ្រាមអាមេរិកបានចាប់ផ្តើមដំណើរការផែនការនេះ ចាប់តាំងពីខែមិថុនាមកម្ល៉េះ នៅពេលដែលក្រសួងបានកោះអញ្ជើញក្រុមហ៊ុនផលិតមីស៊ីលកំពូលៗទៅកាន់តុពិភាក្សារបស់មន្ទីរបញ្ចកោណ ដែលដឹកនាំដោយរដ្ឋមន្រ្តីសង្គ្រាមអាមេរិក លោក Pete Hegseth និងអគ្គសេនាធិការចម្រុះលោក Dan Caine។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Sean Parnell បានប្រាប់កាសែត Wall Street Journal ថា លោកប្រធានាធិបតី Trump និងលោករដ្ឋមន្រ្តីសង្គ្រាម Hegseth កំពុងស្វែងរកមធ្យោបាយវិសាមញ្ញមួយ ដើម្បីពង្រីកកម្លាំងយោធាអាមេរិក និង ពន្លឿនការផលិតគ្រាប់រំសេវ។ កិច្ចខិតខំប្រឹងប្រែងនេះ គឺជាកិច្ចសហការរវាងមេដឹកនាំឧស្សាហកម្មការពារជាតិ និង មន្ត្រីជាន់ខ្ពស់នៃមន្ទីរបញ្ចកោណ។
ប្រភពបានឱ្យដឹងថា សព្វាវុធសំខាន់ៗចំនួន ១២ប្រភេទ ដែលមន្ទីរបញ្ចកោណចាំបាច់មាននៅក្នុងកណ្តាប់ដៃ ដើម្បីទប់ទល់នឹងជម្លោះដ៏មានសក្តានុពលជាមួយប្រទេសចិន។ ប៉ុន្តែប្រភពមិនបានបញ្ជាក់លំអិតអំពីសព្វាវុធទាំងនោះទេ ចំពេលមានការព្រួយបារម្ភថា គោលដៅរបស់មន្ទីរបញ្ចកោណប្រហែលជាបរាជ័យ ពីព្រោះសព្វាវុធមួយចំនួនអាចត្រូវចំណាយពេលផលិតយូរ និង ចំណាយថវិកាច្រើនមហាសាល ទើបអាចផលិតតាមស្តង់ដារយោធា។
សេចក្តីព្រាងច្បាប់ “Big, Beautiful Bill” ដែលទើបអនុម័តដោយរដ្ឋាភិបាលបានផ្តល់កញ្ចប់ថវិកាបន្ថែមចំនួន ២៥ពាន់លានដុល្លារ ដើម្បីប្រើប្រាស់ទិញសព្វាវុធក្នុងរយៈពេល ៥ឆ្នាំ ប៉ុន្តែដើម្បីបំពេញតាមគោលដៅថ្មីរបស់មន្ទីរបញ្ចកោណអាចនឹងត្រូវការលុយរាប់សិបពាន់លានដុល្លារបន្ថែមទៀត។
ចិនត្រូវបានអាមេរិកចាត់ទុកជាគូប្រជែងយុទ្ធសាស្ត្រចម្បងរបស់ខ្លួន ដោយសារតែការធ្វើទំនើបកម្មយោធាដ៏ឆាប់រហ័សរបស់ទីក្រុងប៉េកាំង ការពង្រីកឥទ្ធិពលនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និង ការចង់លេបយកកោះតៃវ៉ាន់ទៅគ្រប់គ្រងដោយកម្លាំង។
យ៉ាងណា ប្រទេសចិនបានច្រានចោលការព្រួយបារម្ភនេះ ហើយបានចោទប្រកាន់វិញថា អាមេរិកទៅវិញទេ ដែលព្យាយាមបង្កភាពតានតឹង តាមរយៈការបំពាក់សព្វាវុធដល់កោះតៃវ៉ាន់ និង លើកទឹកចិត្តកោះតៃវ៉ាន់ផ្តាច់ខ្លួនចេញពីចិនដីគោក៕
ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា