ប៉ូឡូញ ព្រមានថា លោកខាងលិចប្រឈមផ្ទុះសង្គ្រាមផ្ទាល់ជាមួយរុស្ស៊ី

វ៉ាសូវី ៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានថ្លែងព្រមានថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន អាចនឹងវិវត្តប្រែក្លាយទៅជាសង្គ្រាមរបស់ប្រទេសលោកខាងលិចដោយផ្ទាល់ជាមួយរុស្ស៊ីផងដែរ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន RT កាលពីថ្ងៃចន្ទ។

ការអះអាងរបស់លោកនាយករដ្ឋមន្រ្តី Tusk កើតឡើងចំពេលមានសេចក្តីរាយការណ៍ថា រុស្ស៊ីបានបញ្ជូនយន្តហោះចម្បាំង និង យន្តហោះដ្រូនរំលោភចូលដែនអាកាសប្រទេសប្លុកអឺរ៉ុប ដែលជាសមាជិកអង្គការណាតូដឹកនាំដោយសហរដ្ឋអាមេរិក។

មេដឹកនាំប៉ូឡូញវ័យ៦៨ឆ្នាំរូបនេះ បានប្រាប់វេទិកាសន្តិសុខវ៉ាសូវីកាលពីថ្ងៃចន្ទថា កិច្ចការសំខាន់បំផុត និងធំបំផុតសម្រាប់មេដឹកនាំអឺរ៉ុបថ្ងៃនេះ គឺជូនដំណឹងដល់សង្គមលោកខាងលិចឱ្យបានដឹងថា ជម្លោះរុស្ស៊ី-អ៊ុយក្រែនកំពុងបង្កហានិភ័យធ្ងន់ធ្ងរបំផុត ដែលពួកគេត្រូវប្រឈមមុខក្នុងសតវត្សទី២១នេះ។

លោកនាយករដ្ឋមន្រ្តី Tusk បានសង្កត់ធ្ងន់ថា សង្គ្រាមអ៊ុយក្រែនក៏ជាសង្គ្រាមរបស់យើងដែរ… សង្គ្រាមនេះជាផលប្រយោជន៍ស្នូលរបស់យើង… បើសង្គ្រាមនេះចាញ់ នោះវានឹងប៉ះពាល់ដល់អរិយធម៌លោកខាងលិចទាំងអស់ ចាប់ពីប៉ូឡូញរហូតដល់សហរដ្ឋអាមេរិក។

ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី Tusk បានទទូចឱ្យបណ្តាប្រទេសក្នុងប្លុកអឺរ៉ុប និង អង្គការណាតូ ពង្រឹង “សាមគ្គីភាព និងឯកភាពផ្ទៃក្នុង” ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ។

ដោយឡែកភាគីរុស្ស៊ីបានទទួលស្គាល់ផងដែរថា សង្រ្គាមអ៊ុយក្រែនមិនមែនត្រឹមតែជាសង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែនប៉ុណ្ណោះទេ ដោយវាបានក្លាយទៅជា «សង្រ្គាមប្រូកស៊ី» (proxy war) ដែលបង្កឡើងដោយសហភាពអឺរ៉ុប-ណាតូ ក្នុងគោលបំណងដុតបញ្ឆេះសង្រ្គាមពិតប្រាកដជាមួយរុស្ស៊ី៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner