អភិបាលខេត្តកំពង់ធំអំពាវនាវឱ្យបញ្ឈប់សាងសង់ខុសច្បាប់ និងបង្ហូរទឹកកខ្វក់ចូលស្ទឹងសែន
កំពង់ធំ៖ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅដងស្ទឹងសែនក្នុង ក្រុងស្ទឹងសែន សូមបញ្ឈប់ការសាងសង់លំនៅដ្ឋានដោយខុសច្បាប់ និងការបង្ហូរទឹកកខ្វក់ចូលក្នុងទឹកស្ទឹងសែន ដែលប៉ះពាល់ដល់គុណភាពទឹក និងបង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងប្រវែងជាងមួយគីឡូម៉ែត្រស្ថិតនៅភូមិបល្ល័ង្កកើត សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែនកាលពីចុងសប្ដាហ៍កន្លងទៅនេះឯកឧត្តម នួន ផារ័ត្ន បានប្រាប់ដល់ប្រជាពលរដ្ឋចូលរួមថា អាជ្ញាធរខេត្តកំពង់ធំកំពុងអនុវត្តផែនការអភិវឌ្ឍក្រុងស្ទឹងសែនឱ្យក្លាយជាទីក្រុងទាក់ទាញទេសចរ និងវិនិយោគទុន ជាពិសេសក្នុងវិស័យកសិកម្ម និងទេសចរណ៍។ដូចនេះត្រូវតែមានភាពស្អាត និងសោភណភាពដែលផ្តើមចេញពីយើងម្នាក់ៗ។ ឯកឧត្តមបានស្នើដល់ប្រជាពលរដ្ឋដែលរស់នៅអមដងស្ទឹងសែនក្នុងក្រុងស្ទឹងសែន សូមបញ្ឈប់ការសាងសង់លំនៅដ្ឋានដោយខុសច្បាប់និងការបង្ហូរទឹកកខ្វក់ចូលក្នុងទឹកស្ទឹងសែន ដែលប៉ះពាល់ដល់គុណភាពទឹក និងបង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍ ។ទន្ទឹមនេះអាជ្ញាធរមូលដ្ឋានត្រូវអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនិងទប់ស្កាត់ទាន់ពេលវេលាក្នុងករណីបំពានណាមួយ ។

ទាក់ទងនឹងផ្លូវទើបសម្ពោធឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ ចូលរួមថែរក្សា ការពារផ្លូវ ដោយមិនដឹកជញ្ជូនទំនិញធ្ងន់លើសកំណត់ ព្រមទាំងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ពួន៕
ដោយ៖ ប៊ុន រដ្ឋា


