អាជ្ញាធរ និងព្រះសង្ឃសៀមរាបសរសើរ និងគាំទ្រកម្លាំងប្រជាការពារក្នុងការរំដោះទឹកជន់លិច
សៀមរាប៖ព្រះតេជគុណវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក រួមជាមួយ អាជ្ញាធរសង្កាត់កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បានចែកជូនអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ដល់ប្រជាការពារភូមិចំនួន៤៣ នាក់ ពីភូមិចំនួនប្រាំបីនៃសង្កាត់គោកចក ក្រុងសៀមរាប។

អំណោយនេះជាការដឹងគុណ និងលើកទឹកចិត្ត ចំពោះកម្លាំងប្រជាការពារដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលាក្នុងការចូលរួមកាយលូ ស្តារប្រឡាយ និងប្រមូលសំរាម ដើម្បីរំដោះទឹកភ្លៀង និងកាត់បន្ថយហានិភ័យជន់លិច ក្នុងតំបន់សង្កាត់គោកចក។

ក្នុងឱកាសនេះលោក ហាយ យង់ អភិបាលរងក្រុងសៀមរាប និងព្រះតេជគុណ ហែម គឹមសាន បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណយ៉ាងស្មោះអស់ពីចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាការពារដែលបានបង្ហាញស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមការពារមូលដ្ឋាន និងថែរក្សាសោភណភាពអនាម័យសហគមន៍៕
ដោយ៖ប៊ុន រដ្ឋា

