មេដឹកនាំអឺរ៉ុប និង មជ្ឈិមបូព៌ា ស្វាគមន៍ផែនការសន្តិភាពថ្មីរបស់អាមេរិក សម្រាប់តំបន់ហ្គាហ្សា

បរទេស ៖ មេដឹកនាំអឺរ៉ុប និង មជ្ឈិមបូព៌ាបានស្វាគមន៍ផែនការសន្តិភាពថ្មី របស់អាមេរិក សម្រាប់តំបន់ហ្គាហ្សា ខណៈដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានក្រុមហាម៉ាស់ ឱ្យទទួលយក។

យោងតាមទីភ្នាក់ងារព័ត៌មាន BBC ចុះផ្សាយ នៅថ្ងៃអង្គារទី៣០ ខែកញ្ញា បានឲ្យដឹងថា ផែនការនេះតម្រូវឲ្យអ៊ីស្រាអែល បញ្ចប់ប្រតិបត្តិការយោធាភ្លាមៗ ហើយ ក្នុងរយៈពេល ៧២ម៉ោង ក្រុមហាម៉ាស់ត្រូវតែដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល នៅរស់ ចំនួន២០នាក់ និង សាកសពចំណាប់ខ្មាំងដែលបានបាត់បង់ជីវិត ចំនួនជាង១០នាក់។

ក្រុម ហាម៉ាស់ ដែលបានឃើញផែនការ២០ចំណុច របស់សេតវិមាន
នេះរួចរាល់ ត្រូវបានតម្រូវឲ្យលែងមានតួនាទី ក្នុងការគ្រប់គ្រងតំបន់ហ្គាហ្សា ហើយទុកទ្វារបើកចំហ សម្រាប់រដ្ឋប៉ាឡេស្ទីន នាពេលអនាគត។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ជាមួយលោក Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នៅឯសេតវិមាន លោក Trump បានហៅផែនការនេះថា «ជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់សន្តិភាព»។ រីឯ លោក Netanyahu បាននិយាយថា អ៊ីស្រាអែល នឹងបន្តបោសសម្អាតក្រុមហាម៉ាស់ឲ្យអស់ ប្រសិនបើក្រុមនេះ បដិសេធ មិនទទួលយកផែនការ ឬ មិនអនុវត្តតាម។

យ៉ាងណា អាជ្ញាធរប៉ាឡេស្ទីន បានហៅកិច្ចខិតខំប្រឹងប្រែង របស់ប្រធានាធិបតីអាមេរិក ថា ស្មោះត្រង់ ជាមួយនឹងការប្តេជ្ញាចិត្ត , ធានាការផ្តល់ជំនួយមនុស្សធម៌គ្រប់គ្រាន់ ទៅកាន់តំបន់ហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំង ព្រមទាំង អ្នកទោស។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ រដ្ឋមន្ត្រីការបរទេសនៃប្រទេសអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត កាតា អេហ្ស៊ីប ហ្ស៊កដានី តួកគី ឥណ្ឌូនេស៊ី និងប៉ាគីស្ថាន បាននិយាយថា ពួកគេស្វាគមន៍ចំពោះ “ភាពជាអ្នកដឹកនាំ និងកិច្ចខិតខំប្រឹងប្រែងដ៏ស្មោះស្ម័គ្រ របស់លោក ត្រាំ ក្នុងការបញ្ចប់សង្រ្គាម នៅតំបន់ហ្គាហ្សា”។

ពួកគេ ថា ត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ និងអនុវត្តកិច្ចព្រមព្រៀង ដែលពួកគេបាននិយាយថា គួរតែនាំទៅរក “ដំណោះស្រាយរដ្ឋពីរ ហើយ ហ្គាហ្សាត្រូវបានរួមបញ្ចូលយ៉ាងពេញលេញ ជាមួយ West Bank នៅក្នុងរដ្ឋប៉ាឡេស្ទីន”។

រីឯ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa ថ្លែងចាត់ទុកថា នេះជាការឆ្លើយតបជាវិជ្ជមាន របស់អ៊ីស្រាអែល ចំពោះសំណើនេះ។ លោកបានបន្ថែមថា គ្រប់ភាគីទាំងអស់ត្រូវតែចាប់យកឱកាសនេះ ដើម្បីសន្តិភាពពិតប្រាកដ។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Sir Keir Starmer ក៏បានស្វាគមន៍ចំពោះផែនការនេះ ដោយនិយាយថា «យើងអំពាវនាវឱ្យភាគីទាំងអស់រួមគ្នា ធ្វើការជាមួយរដ្ឋបាលសហរដ្ឋអាមេរិក ដើម្បីសម្រេចកិច្ចព្រមព្រៀងនេះ ហើយធ្វើឱ្យក្លាយជាការពិត។

ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា បារាំងត្រៀមខ្លួនជាស្រេចដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់សង្រ្គាម និងដោះលែងចំណាប់ខ្មាំង។

នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni ថា នេះគឺជារបត់ដ៏សំខាន់មួយ ហើយ ជំរុញឱ្យភាគីទាំងអស់ ទទួលយកផែនការនេះ៕

ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner