កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ ចំនួនពីរគ្រោងធ្វើនៅអំឡុងដើមខែតុលានេះ

ភ្នំពេញ៖អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រ​កម្ពុជា​បានឱ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ នៃព្រះ​រាជាណាចក្រកម្ពុជា និងកងទ័ពភូមិភាគទី២ នៃព្រះរាជាណា​ចក្រ​ថៃ គ្រោងនឹងត្រូវធ្វើនៅក្នុងអំឡុងខែតុលាខាងមុខនេះ។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិបានបញ្ជាក់នៅល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ថា យោធភូមិភាគទី៤នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជូនលិខិតអញ្ជើញរួចហើយទៅ​កងទ័ពភូមិ​ភាគ​ទី២​ថៃដើម្បីជួបប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែល​គ្រោង​នឹងរៀបចំធ្វើនៅថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែតុលាខាងមុខនៅខេត្តឧត្តរមានជ័យដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

នៅល្ងាចថ្ងៃដដែលនេះអ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិ​ភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣ កម្ពុជា និងកងបញ្ជាការ​ការពារព្រំដែនចន្ទបុរី-ត្រាត ថៃ ក៏គ្រោងនឹងត្រូវធ្វើនៅក្នុង​អំឡុងខែតុលាខាងមុខនេះដែរ។យោធភូមិភាគទី៣កម្ពុជា បានបញ្ជូនលិខិតអញ្ជើញរួចហើយទៅកងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត ថៃ ដើម្បីជួបប្រជុំគណៈកម្មាធិការ​ព្រំដែន​ថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ដែលគ្រោងនឹងរៀបចំ​ធ្វើនៅថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែតុលា នៅខេត្ត​កោះកុង ដែលកម្ពុជា​នឹង​ធ្វើជាម្ចាស់ផ្ទះ។

អ្នកនាំពាក្យបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់​យោធ​ភូមិភាគកម្ពុជា-ថៃ នេះមានគោលបំណង ដើម្បី​ជំរុញ​ការបន្តអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែង​រកកិច្ចសហ​ប្រតិបត្តិ​ការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាព​រវាង​ប្រទេស​ទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើង​វិញ៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner