ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី គោរពវិញ្ញាណក្ខ័ន្ធសព ព្រឹទ្ធាចារ្យកីឡា កែវ សារិន

(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី៣០ ខែកញ្ញានេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ ព្រឹទ្ធាចារ្យកីឡា កែវ សារិន ដែលជាអតីតកីឡាករបាល់ទាត់ជម្រើសជាតិ (១៩៨២ និង១៩៨៤) អតីតអនុប្រធានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងជាអតីតអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាបាល់ទាត់ ចន្លោះឆ្នាំ១៩៨៧ – ១៩៩៨ ដែលបានទទួលអនិច្ចកម្មកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ ក្នុងជន្មាយុ ៧៩ ឆ្នាំ។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ លោកបានសម្តែងនូវមនោសញ្ចេតនាក្តុកក្តួល និងសោកស្តាយចំពោះមរណភាពរបស់លោកគ្រូព្រឹទ្ធាចារ្យជាមួយក្រុមគ្រួសារនៃសព និងក្រុមព្រឹទ្ធាចារ្យកីឡាដែលជាមិត្តរួមអាជីព។ មរណភាពរបស់លោកព្រឹទ្ធាចារ្យគឺជាការបាត់បង់នូវធនធានមនុស្ស និងមរតកប្រវត្តិសាស្រ្តរបស់វិស័យកីឡាកម្ពុជា។ ក្នុងពេលលោកនៅរស់រានមានជីវិតនៅឡើយ លោកជាអ្នកចូលរួមត្រួសត្រាយ និងលើកកម្ពស់វិស័យកីឡាបាល់ទាត់នៅកម្ពុជា ។

គួររំឭកផងដែរថា តាមរយៈសកម្មភាពការងារកន្លងទៅជាមួយក្រុមព្រឹទ្ធាចារ្យកីឡា លោក ហ៊ុន ម៉ានី បានបន្តយកចិត្តទុកដាក់ និងគិតគូរដល់ព្រឹទ្ធាចារ្យកីឡា ដែលជាអតីតកីឡាករ គ្រូបង្វឹក ក្រុមជម្រើសជាតិលើគ្រប់វិញ្ញាសារកីឡា ដោយតែងចាត់តាំងក្រុមការងារ និងចុះសួរសុខទក្ខ ក៏ដូចជារៀបចំកម្មវិធីជួបជុំជាប្រចាំជូនពួកគាត់ជាដើម។ ដោយឡែក នៅក្នុងកាលៈទេសៈដែលព្រឹទ្ធាចារ្យទទួលអនិច្ចកម្មដូចនេះ លោកបានមានវត្តមានដោយផ្ទាល់ក្នុងពិធីបុណ្យសព ដើម្បីជាការជូនដំណើរចុងក្រោយ ប្រកបដោយកិត្តិយសជូនដល់អតីតកីឡាករដែលធ្លាប់បានសាងស្នាដៃជូនជាតិមាតុភូមិក្នុងអតីតកាលផងដែរ ៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner