អនុប្រធានទី២ព្រឹទ្ធសភា ៖ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានដោះស្រាយបញ្ហាច្រើន តែត្រូវបន្តតាមដានការងារអាទិភាពបន្តទៀត

(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំជាមួយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ដើម្បីពិនិត្យ និងពិភាក្សាពីវឌ្ឍនភាពការងាររបស់ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ នៅចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤ ដែលបានប្រព្រឹត្តទៅ នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានសន្និដ្ឋានថា បញ្ហា និងសំណូមពរជាច្រើន ដែលមានចំនួន ២៥ចំណុច ត្រូវបានដោះស្រាយ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងភូមិភាគ១ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ នៅមានបញ្ហាប្រឈមមួយចំនួនដែលនៅសេសសល់ និងបញ្ហាប្រឈមថ្មីៗទៀត ដែលត្រូវបន្តតាមដាន នាពេលខាងមុខ ។

អង្គប្រជុំមានការពិភាក្សាគ្នាយ៉ាងផុលផុស អំពីបញ្ហាប្រឈមក្នុងភូមិភាគទី១ ដែលត្រូវបន្តតាមដាន។ បញ្ហាប្រឈមដែលត្រូវបន្តធ្វើមាន៥ ភាគច្រើនពាក់ព័ន្ធការកែសម្រួលឯកសារ សំណើពីសង្កាត់សុំកម្មសិទ្ធិផ្ទះជូនពលរដ្ឋ និងការជួសជុលជណ្តើររួមដែលមានសភាពទ្រុឌទ្រោម។ ឯបញ្ហាប្រឈមថ្មី ដែលបានលើកឡើងមាន៣ ពាក់ព័ន្ធនឹងការបាក់ច្រាំងទន្លេ និងការបង្ហូរទឹកស្អុយ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តឱ្យក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បន្តខិតខំប្រឹងប្រែងបំពេញការងារ ដោយអនុវត្ត តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ធ្វើយ៉ាងណាឱ្យមានភាពជិតស្និទ្ធជាមួយអង្គបោះឆ្នោត ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានា ដើម្បីធានាបានប្រសិទ្ធភាពការងារ ជូនប្រជាពលរដ្ឋក្នុងភូមិភាគ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner