ព្យុះប៊ូឡូយបន្តឆក់យកជីវិតវៀតណាម កើនដល់២៦នាក់

ហាណូយ ៖ ចំនួនមនុស្សស្លាប់ ដោយសារព្យុះទីហ្វុង ប៊ូឡូយ (Bualoi) នៅវៀតណាម បានកើនឡើងដល់ ២៦នាក់, បាត់ខ្លួន ២២នាក់ និង របួសជាង ១០០នាក់ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មានវៀតណាម។

សារព័ត៌មាន VNexpress បានឲ្យដឹង កាលពីថ្ងៃអង្គារថា ទឹកជំនន់ និងខ្យល់បក់បោកយ៉ាងខ្លាំង បណ្តាលឱ្យមនុស្សស្លាប់ ចំនួន១១នាក់ និង ៨នាក់ ស្លាប់ អំឡុងការបាក់ដី នៅទីក្រុង Ninh Binh និង ទីក្រុង Hung Yen។ អ្នកផ្សេងៗទៀត ត្រូវបានសម្លាប់ នៅពេលដែលដើមឈើរលំ ឬ ផ្ទះរលំ បាក់សង្កត់។ យ៉ាងហោចណាស់ មនុស្ស២២នាក់ នៅតែមិនទាន់រកឃើញ រួមទាំង អ្នកនេសាទ ១០នាក់ បាត់ខ្លួន ក្នុងពេលលិចទូក។

ប្រភពបានបន្តថា ព្យុះនេះបានបំផ្លាញផ្ទះ ចំនួន៨៨ខ្នង ទាំងស្រុង និង ខូចខាត ឬ គ្មានដំបូលផ្ទះ ជាង១៣៥,០០០ខ្នងទៀត ដោយក្នុងនោះ ទីក្រុង Ha Tinh បានរងវាយប្រហារ យ៉ាងធ្ងន់ធ្ងរបំផុត។ ដំណាំ និង វារីវប្បកម្ម ត្រូវបានបំផ្លិចបំផ្លាញ ដោយបានបាត់បង់ស្រូវ និង បន្លែ លើផ្ទៃដី ២៥,៥០០ហិកតា ហើយ កសិដ្ឋានចិញ្ចឹមត្រី ចំនួន៨,៧០០ហិកតា ត្រូវបានជន់លិច។

បើតាមកាសែត AFP អ្នកវិទ្យាសាស្ត្រនិយាយថា ការប្រែប្រួលអាកាសធាតុ ដែលជំរុញដោយមនុស្ស កំពុងធ្វើឱ្យមានឧប្បត្តិហេតុអាកាសធាតុខ្លាំង ដូចជា ព្យុះទីហ្វុង ជាដើម។ ការិយាល័យស្ថិតិទូទៅវៀតណាម បាននិយាយថា ព្យុះបន្តបន្ទាប់ នៅក្នុងប្រទេសនេះ បានបង្កការខូចខាត ជាទឹកប្រាក់ ចំនួន៣៧១លានដុល្លារ ចាប់ពីខែមករា ដល់ខែសីហា ដែលចំនួននេះ បានកើនឡើង បីដង បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

ព្យុះទីហ្វុង Yagi បានសម្លាប់មនុស្ស រាប់រយនាក់ ក្នុងប្រទេសវៀតណាម កាលពីខែកញ្ញា ឆ្នាំមុន និង បណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ច ចំនួន ៣.៣ ពាន់លានដុល្លារ៕

ប្រភពពី VNexpress , AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner