ក្រសួងរៀបចំដែនដី បន្តលើសមរភូមិការងារ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១
(ភ្នំពេញ)៖ ថ្លែងក្នុងសិក្ខាសាលាស្តីពី “សមិទ្ធផលនៃការអនុវត្តការងារលើសមរភូមិបរិយាកាសគ្មានវិវាទ” នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ក្នុងនីតិកាលទី៧នេះ ក្រសួងរៀបចំដែនដី ប្តេជ្ញានឹងបញ្ចប់ទាំងស្រុងនូវសមរភូមិចុះបញ្ជីដីធ្លី បញ្ចប់វិវាទដីធ្លីនិងបង្កើតបរិយាកាសគ្មានវិវាទនៅទូទាំងប្រទេសកម្ពុជា ។
បន្ទាប់ពីយុទ្ធនាការចុះបញ្ជីដីបង្ហើយ ការដោះស្រាយវិវាទដីធ្លី និងសេវាគាប់ចិត្ត ដែលជាការអនុវត្តការងារនៃសមរភូមិការបង្កើតបរិកាសមិនមានវិវាទរួចមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានងាកទៅបន្តការងារនៅសមរភូមិផ្សេងទៀត ទៅតាមផែនទីឯកភាពការងាររបស់ក្រសួងដែលបានកំណត់ រួមមាន ៖ ការកសាង និងពូនជ្រំរដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ ការងាររៀបចំដែនដី និងនគរូបនីយកម្ម កិច្ចការលំនៅឋាន គោលនយោបាយសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា ការងារកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកម្ពុជារុងរឿង (ដង្ហើមសេដ្ឋកិច្ច ) ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល និងបំណងរបស់ប្រជាជនកម្ពុជា ស្របទៅតាមការវិវត្តរបស់សង្គម និងសេដ្ឋកិច្ចកម្ពុជា ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួង ជាពិសេសឯកឧត្តម ថេង ច័ន្ទសង្វារ ដែលបានដឹកនាំកិច្ចការអប់រំបណ្ដុះបណ្ដាលលើជំនាញ ឬព័ត៌មានដែលទាក់ទិននឹងវិស័យរបស់ក្រសួង ។
ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរដល់ក្រុមការងារ ដែលការងារនេះមិនត្រឹមតែធ្វើសម្រាប់សាធារណជនប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើក្នុងក្របខណ្ឌមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានក៏ដូចជានាយកដ្ឋានផងដែរ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចាត់ទុកកិច្ចការបណ្ដុះបណ្ដាលនេះថា មានសារៈសំខាន់សម្រាប់ជួយឱ្យយើង អាចប្រមើលមើលនូវអ្វីដែលយើងបានមើលឃើញនាពេលនេះ ដើម្បីកសាងចក្ខុវិស័យសម្រាប់ពេលអនាគត ដូច្នេះការបណ្ដុះបណ្ដាលនេះ គឺដើម្បីបង្កើនសមត្ថភាពចំណេះដឹងដល់មន្ត្រីអាចយល់ច្បាស់អំពីកិច្ចការជំនាញរបស់ក្រសួង នោះទើបក្រសួងក៏អាចបំពេញបេសកកម្មការងារបានជោគជ័យ ទៅតាមអ្វីដែលជាបំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ឱ្យដឹងថា ក្បាលដីដែលត្រូវចុះបញ្ជីនៅទូទាំងប្រទេសសរុបមាន១៤ លានក្បាលដី ជាយុទ្ធសាស្ត្រ ការចុះបញ្ជីដីធ្លីនេះគឺបានបញ្ចប់វិវាទដីធ្លីរាប់ម៉ឺនករណី ។ អមជាមួយនឹងការចុះបញ្ជីដីធ្លីបង្ហើយនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងអនុវត្តកិច្ចការមួយចំនួនទៀត ដើម្បីបង្កើតបរិយាកាសគ្មានវិវាទសម្រាប់សង្គមជាតិ នោះគឺត្រូវដោះស្រាយបញ្ចប់វិវាទដីធ្លីដែលនៅសេសសល់តិចតួចបំផុត, ដោះស្រាយសម្របសម្រួលលក្ខខណ្ឌនៃការប្រើប្រាស់ដី នៅក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរនៃខេត្តសៀមរាប ឱ្យមានភាពចុះសម្រុងគ្នា, ដោះស្រាយសម្របសម្រួលបញ្ហាក្នុងតំបន់បឹងទន្លេសាប, ការផ្ដល់សេវាគាប់ចិត្តជូនប្រជាពលរដ្ឋតាមរយៈប្រព័ន្ធឌីជីថល ដែលងាយស្រួលប្រើប្រាស់គ្រប់ពេលវេលា និងគ្រប់ទីកន្លែង, ដោះស្រាយបញ្ហាបុរីមានវិវាទដែលនៅសេសសល់ និងជួយសម្របសម្រួលអត្រាការប្រាក់កម្ចី ជាមួយធនាគារសម្រាប់អតិថិជនរបស់បុរី ដែលជាមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធ ឱ្យទទួលបានលក្ខខណ្ឌដោយឡែកមួយ ដើម្បីទទួលបានអត្រាការប្រាក់សមរម្យសម្រាប់ទិញផ្ទះ ៕
ដោយ / គ្រី សម្បត្តិ









