សិង្ហបុរីទទូចឲ្យក្រុមហាម៉ាស់ទទួលយកផែនការសន្តិភាពហ្គាហ្សារបស់លោក ត្រាំ

សិង្ហបុរី ៖ ប្រទេសសិង្ហបុរីបង្ហាញការគាំទ្រចំពោះផែនការសន្តិភាពរបស់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលមានគោលបំណងពន្លត់ភ្លើងសង្គ្រាមនៅតំបន់ហ្គាហ្សា ហើយសិង្ហបុរីក៏បានអំពាវនាវឱ្យក្រុមហាម៉ាស់ទទួលយករឿងនេះផងដែរ។

អ្នកនាំពាក្យក្រសួងការបរទេសសិង្ហបុរីនិយាយថា សិង្ហបុរីគាំទ្រយ៉ាងពេញទំហឹងចំពោះផែនការដ៏ទូលំទូលាយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីបិទបញ្ចប់ជម្លោះនៅតំបន់ហ្គាហ្សា ខណៈដែលអ៊ីស្រាអែលក៏យល់ព្រមទទួលយកវាផងដែរ។

ដូច្នេះសិង្ហបុរីអំពាវនាវឲ្យក្រុមហាម៉ាស់ទទួលយកសំណើនេះដូចគ្នា ក្នុងគោលបំណងបញ្ចប់សង្រ្គាមដ៏ឃោរឃៅនៅហ្គាហ្សា។ ទន្ទឹមគ្នា សិង្ហបុរីក៏គាំទ្រឱ្យមានបទឈប់បាញ់ភ្លាមៗ ការដោះលែងចំណាប់ខ្មាំងនៅសល់ទាំងអស់ជាបន្ទាន់ និង បង្កើនលំហូជំនួយមនុស្សធម៌ជួយដល់ជនស៊ីវិលប៉ាឡេស្ទីន។

បន្ថែមលើនេះ សិង្ហបុរីក៏គាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតី ត្រាំ ក្នុងការបង្កើតកិច្ចសន្ទនារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដើម្បីស្វែងរកគោលនយោបាយរួមរស់ជាមួយគ្នាដោយសន្តិភាពយូរអង្វែង។

គួរកត់សម្គាល់ សំណើសន្តិភាពចំនួន ២០ចំណុចរបស់លោកប្រធានាធិបតី ត្រាំ បានយកឈ្នះការគាំទ្រពីលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃចន្ទ។ យ៉ាងណាមិញ វានៅតែមិនទាន់ច្បាស់ថាតើក្រុមហាម៉ាស់ ដែលគ្រប់គ្រងតំបន់ហ្គាហ្សា នឹងយល់ព្រមចំពោះសំណើរនេះដែរឬទេ ខណៈលោក ត្រាំ បានព្រមានធ្ងន់ៗថា បើក្រុមហាម៉ាស់បដិសេដ នោះគឺប្រៀបដូចពួកគេកំពុងប្រលែងលេងជាមួយឋាននរក៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner